ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឧកញ៉ានៅកម្ពុជាជាង ១២០រូប រួមគ្នាឧបត្ថម្ភថវិកា និងសម្ភារៈជូនកងទ័ពជើងគោក និងសមាគមគ្រូពេទ្យ TYDA ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

១២ ឧសភា ២០២១ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ ក្រុមឧកញ៉ាគ្រុប ដែលដឹកនាំដោយឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន បាននាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជើងគោក និងសមាគមគ្រូពេទ្យ(TYDA) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ ការនាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជើងគោក និងក្រុមគ្រូពេទ្យ(TYDA) នាពេលនេះ គឺដើម្បីជួយសម្រាលការលំបាករបស់ក្រុមការងារសន្តិសុខ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) យកទៅប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ 

 


ពិធីប្រគល់-ទទួល អំណោយពីឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ និងសប្បុរសជននានា ដែលរៀបចំឡើងនាព្រឹកថ្ងៃទី១១ ខែឧសភានេះ នៅបញ្ជាការដ្ឋានកងទ័ពជើង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ា និងឧកញ៉ា ចំនួន ០៩រូបផ្សេងទៀត តំណាងឱ្យសប្បុរសជន ជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាទាំង ១២៦ រូប។ 

 


នៅក្នុងឱកាសទទួលថវិកា និងសម្ភារនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការផ្តួចផ្តើម និងសមានចិត្តរបស់សប្បុរសជនទាំង១២៦រូប ដែលបានរួបរួមគ្នាឧបត្ថម្ភគាំទ្រដល់កងទ័ព ក៏ដូចជាសមាគមនៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេស។


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាកិច្ចការរួមមួយដែលគ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ដែលក្នុងនោះ កងទ័ព ក៏បានរួមចំណែកនៅក្នុងកិច្ចការធំៗជាច្រើន ទាំងការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, ការរៀបចំមន្ទីរពេទ្យ-មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងការចុះចែកស្បៀងអាហារជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។ 

 


ជាមួយគ្នានោះ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ តំណាងឱ្យសប្បុរសជនជាអ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជាទាំង១២៦រូប ក៏បានលើកឡើងថា អំណោយទាំងអស់នេះ កើតចេញពីទឹកចិត្តសប្បុរសធម៌ក្នុងស្មារតីសាមគ្គីជួយគ្នាក្នុងគ្រាលំបាក ដែលអ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវ ជាសមាជិកក្រុមឧកញ៉ាគ្រុបទាំងអស់ តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈជាពិសេសក្នុងគ្រាដែលប្រទេសជាតិ និងប្រជាជនជួបការលំបាកផ្សេងៗ ដូចជា គ្រោះទឹកជំនន់កាលពីពេលថ្មីៗ និងជំងឺកូវីដ ១៩ នៅពេលនេះ ជាដើម។


តាងនាមអោយសមាជិកក្រុមឧកញ៉ាគ្រុបទាំងអស់ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានថ្លែងការអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល  អាជ្ញាធរ ជាពិសេសក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជួយព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺ។

 


គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក និងក្រុមគ្រូពេទ្យ TYDA រួមមាន ថវិកាចំនួនជាង១លានដុល្លារ ទឹកសុទ្ធចំនួន ១ម៉ឺនយូរ ម៉ាស់ចំនួន ១០ម៉ឺនបន្ទះ អាល់កុលចំនួន ៦ ពាន់លីត្រ សាប៊ូជាង ៣ពាន់លីត្រ ត្រីខកំប៉ុងចំនួន ៥០ កេស និងចេកចំនួន ២០ កេស។  


ដោយឡែក កាលពីថ្ងៃទី ០៣ ខែឧសភា កន្លងទៅនេះ ក្រុមឧកញ៉ាគ្រុប ក៏បានពាំនាំថវិកាចំនួន៣០ ម៉ឺនដុល្លារអាមេរិក យកទៅប្រគល់ជូនឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបិទខ្ទប់ផងដែរ៕


អត្ថបទ៖ សន រដា្ឋ    រូបភាព៖ ញិល សុជា
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024