ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ស៊ីន យូប៊ីន សុំការយោគយល់ពីផលិតករចំពោះភាពរអាក់រអួល ដោយសារបញ្ហាកូវីដ១៩

០៨ មេសា ២០២១ | កម្សាន្ដ



តារាសម្តែងល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន កាលពីពេលថ្មីៗនេះ បានស្នើរសុំការអធ្យាស្រ័យ និងយោគយល់ពីផលិតករ ចំពោះភាពរអាក់រអួលមួយចំនួនដែលបានកើតឡើងបង្កឲ្យមានការយឺតយ៉ាវដល់ការថតរឿងក្នុងអំឡុងកូវីដ១៩។ ខណៈរោងភាពយន្ត រោងសម្តែងសិល្បៈ និងកម្មវិធីកម្សាន្តមួយចំនួនត្រូវបិទផ្អាកដំណើរ ប៉ុន្តែភាពយន្តភាគលើកញ្ចក់ទូរទស្សន៍នៅតែបន្តចាក់ដូចធម្មតាដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រឲ្យបានទស្សនាតាមគេហដ្ឋាន។ 

 


យ៉ាងណាមិិញ ព្រោះតែបញ្ហាការរាតត្បាតកូវីដ១៩ ធ្វើឲ្យមានភាពរអាក់រអួលមួយចំនួនបានកើតឡើងដូចជាការយឺតយ៉ាវបន្តិចបន្តួចចំពោះដំណើរការនៃការថត រហូតតារាសម្តែងស្រីជួរមុខក្នុងប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន ក្នុងនាមតារាសម្តែងម្នាក់ បានស្នើរសុំឲ្យចាងហ្វាងផលិតកម្ម និងផលិតករក្នុងស្រុកយោគយល់ចំពោះភាពរអាក់រអួលនៃដំណើរការនៃថតរឿង ដោយសារបញ្ហាកូវីដ១៩ដែលបានកំពុងកើតឡើងនៅពេលនេះ។

 


យូប៊ីន ថា៖ «សម្រាប់ខ្ញុំ ភាពយន្តគឺដំណើរការថតធម្មតា ប្រសិនបើយើងផ្អាកវាធ្វើឲ្យរអាក់រអួលទៅទាំងអស់ ហើយក៏មានការយឺតយ៉ាវសម្រាប់ការចាក់ផ្សាយដល់ទស្សនិកជន ក៏ប៉ុន្តែក្នុងស្ថានភាពដ៏លំបាកនេះយើងក៏ពិបាកដូចគ្នា ព្រោះក្នុងនាមតួសម្តែងគឺយើងយកជីវិតយើងទៅប្រថុយប្រថាន។ ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំចង់សុំទោសទៅដល់ផលិតករដែលរយៈពេលនេះយើងមិនអាចចេញថតបាន សុំអធ្យាស្រ័យ និងការយោគយល់ ពីព្រោះយើងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលយើងទាំងអស់គ្នា»។

 

 

«ពេលថតក្រុមការងារអាចពាក់ម៉ាស់ របាំងមុខការពារ អាចឃ្លាតគ្នាបាន តែដោយឡែកសម្រាប់តួសម្តែងវិញគឺអត់ ហើយត្រូវសម្តែងយ៉ាងស្អិតរមួត និងមានការប៉ះពាល់ផ្ទាល់ថែមទៀត សំខាន់បំផុតគឺការនិយាយទល់មុខគ្នាតាមសាច់រឿងដោយមិនបានពាក់ម៉ាស់ ហើយនៅមានកត្តាក្រុមការងារផ្សេងទៀតដែលមកពីទីកន្លែងផ្សេងៗគ្នាទៀត ដែលសុទ្ធជាហានិភ័យ»។ ការលើកឡើងយ៉ាងដូច្នេះរបស់តារាសម្តែងលំដាប់ជួរមុខនេះ ស្របពេលកញ្ញាផ្ទាល់ក៏កំពុងត្រៀមបញ្ចេញស្នាដៃថ្មីរឿងថ្មីលើកញ្ចក់ទូរទស្សន៍ភីអិនអិននាពេលឆាប់ៗនេះផងដែរ។

 


យូប៊ីន ជាតារាស្រីម្នាក់ដ៏មានប្រជាប្រិយភាព និងជាអ្នកជំនួញស្រីវ័យក្មេងដ៏ជោគជ័យ។ ជាញឹកញាប់ តារាសម្តែងរាងតូចច្រឡឹងនេះ តែងតែចូលរួមការងារមនុស្សធម៌គ្រាន់តែមិនសូវបញ្ចេញសកម្មភាព ទើបថ្មីៗនេះប៉ុណ្ណោះដែលគេឃើញឈ្មោះតារាសម្តែងស្រីនេះក្នុងបញ្ជីអ្នកបរិច្ចាគរបស់ប្រមុខរដ្ឋាភិបាលក្រោមស្លាកឈ្មោះយីហោតែគុជដ៏ល្បី Fire Tiger របស់កញ្ញា។


ច្រើនឆ្នាំបន្ទាប់ពីប្រឡូកវិស័យសិល្បៈ ស្រីស្រស់សោភា ស៊ីន យូប៊ីន បង្កើតបានសមិទ្ធផលស្នាដៃសិល្បជាច្រើន និងចាប់ផ្តើមមានឈ្មោះបោះសម្លេងកាន់តែខ្លាំងឡើងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈតំណែងតួឯកស្រី ស្ប៉តពាណិជ្ជកម្មរបស់យីហោធំៗ និងការថតផ្សព្វផ្សាយផលិតផលល្បីៗជាច្រើនទៀត។ 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024