ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

ស៊ឹម ស្រីមុំ ស្គាល់រសជាតិតួឯកលើកដំបូង ក្រោយតស៊ូក្នុងសិល្បៈច្រើនឆ្នាំ ! ​

១៨ ឧសភា ២០២០ | កម្សាន្ដ

មានឈ្មោះជាស្រីស្អាតនៅក្នុងពិភពសិល្បៈ ស៊ឹម ស្រីមុំ មិនធ្លាប់បានបង្ហាញមុខក្នុងភាពយន្តខ្នាតធំណាមួយនៅឡើយទេ ទើបតែថ្មីៗនេះ នាងត្រូវបានផលិតកម្ម LD Picture ជ្រើសរើសសម្តែងជាតួឯកស្រីនៅក្នុងរឿង « អ្នកទី ៣ » ដោយត្រូវប្រជែងស្នេហ៍ជាមួយតារាសប្បុរស្រអែម សួង ស៊ីធឿន​ ដែល​ត្រៀមនឹង​បង្ហាញ​វត្តមាននៅលើ​កញ្ចក់​ទូរទស្សន៍ PNN ក្នុង​ពេល​ឆាប់ៗ ។

 

ស្រីស្អាត ស៊ឹម ស្រីមុំ ចាប់ផ្តើមល្បីឈ្មោះក្នុងពិភពសិល្បៈក្រោយពីនាងបានប្រលងនៅក្នុងកម្មវិធី កញ្ញា ឯកប្រ៊ីស្ទុន កាលពីឆ្នាំ ២០១៣ ថ្វីត្បិតតែមិនជាប់លេខនិងគេ តែនាងមានឱកាសបានប្រលូក ក្នុសិល្បៈតាមរយៈការដើរម៉ូដឱ្យក្រុមហ៊ុនធំៗជាច្រើន ។

 

 

 ទោះបីជាមានឈ្មោះក្នុងសិល្បៈក្តីតែស្រីស្អាត ស៊ឹម ស្រីមុំ មិនធ្លាប់បានចូលរួមសម្តែងភាពយន្តខ្នាតធំណាមួយនៅឡើយទេ ភាគច្រើននាងទទួលថត តែរឿងខ្នាតខ្លី រឿង អប់រំ កំប្លែង  ថតខារ៉ាអូខ និងផតផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ  ។

 

ជួបជាមួយស្រីស្អាត ស៊ឹម ស្រីមុំ កាលពីពេលថ្មីនេះ យើងចាប់អារម្មណ៍ឃើញថា ស៊ឹម ស្រីមុំ មានចរិត ចាស់ទុំជាងមុនច្រើន ទាំងការស្លៀកពាក់និងការតុបតែងខ្លួន ជាក់ស្តែងនាងមិនស្លៀកពាក់សិចស៊ីដូចពេលមុនដែរ ។ ស៊ឹម ស្រីមុំ បានឱ្យដឹងថា នេះជាលើកដំបូងហើយ ដែលនាងមានវត្តមាននៅក្នុងវិស័យភាពយន្តខ្នាតធំ កន្លងមកនាងមិនទទួលថតរឿងបែបនេះទេ ។  ជាមួយនិងការលេចមុខនៅក្នុងភាពយន្តខ្នាតធំជាលើកដំបូង ស៊ឹម ស្រីមុំ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាមួយតារាស្រីសប្បុរស្រអែម សួង ស៊ីធឿន ដោយតម្រូវឱ្យនាងប្រជែងស្នេហ៍ជាមួយ សួង ស៊ីធឿន ។

 

 

ស៊ឹម ស្រីមុំ សង្ឃឹមថាស្នាដៃដំបូងរបស់ខ្លួននឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននៅពេលដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ពីព្រោះក្នុងរឿង « អ្នកទី ៣ » បង្កប់ទៅដោយការអប់រំ និងបង្ហាញពីជីវិតពិតរបស់គ្រួសារមួយចំនួន ។ ថ្វីត្បិតតែក្នុងរឿង « អ្នកទី ៣ » ស៊ឹម ស្រីមុំ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួដណ្តើមស្វាមីគេក្តី តែនៅខាងក្រៅឆាកវិញ នាងមិនប្រាថ្នាជីវិត ដូចនៅក្នុងរឿងនេះទេ  ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024