ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ទីផ្សារម្រេចកំពត កំពុងត្រូវបានជួយជ្រោមជ្រែងដោយ ក្រុមហ៊ុននាំចេញ

២៣ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

សមាគមម្រេចកំពតបានឲ្យដឹងថា ក្រុមហ៊ុនអីយូឡែន ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំចេញម្រេចកំពតដ៏ធំមួយ បានកំពុងបន្តសកម្មភាពជួយជំរុញ ក៏ដូចជាជួយផ្សព្វផ្សាយពី ទីផ្សារម្រេចកំពត សម្រាប់ប្រជាកសិករអ្នកដាំម្រេចខ្នាតមធ្យម និងធំបន្ថែម បន្ទាប់ពីក្រុមហ៊ុននេះ បានចុះកិច្ចសន្យាទិញម្រេចកំពតពី ប្រជាកសិករខ្នាតតូចជាង ២០០គ្រួសារហើយនោះ។

 

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានប្រាប់ភីអិនអិន នៅថ្ងៃនេះថា ទីផ្សារម្រេចកំពតពេលនេះ កំពុងត្រូវបានការជួយជ្រុមជ្រែងខ្លាំងពីក្រុមហ៊ុន អីយូឡែន ក្រៅពីជួយប្រជាកសិករអ្នកដាំម្រេចខ្នាតតូច តាមរយៈកិច្ចសន្យាទិញម្រេចរួចមក ក៏បន្តសកម្មភាពជួយ ផ្សព្វផ្សាយ អំពីទីផ្សារម្រេចកំពតបន្ថែមដល់ប្រជាកសិករខ្នាតមធ្យម និងធំ នៅតាមប្រព័ន្ធអីធើណែត ដោយបានបង្ហាញជាសាធារណៈយ៉ាងទូលំទូលាយពីឈ្មោះម្ចាស់ចំការ ផ្ទៃដីដាំម្រេច និងផលដែលអាចទទួលបានជាដើម។

 


លោក ងួន ឡាយ បញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបង្កើតទម្រង់ទីផ្សារថ្មីបន្ថែមសម្រាប់ប្រជាកសិករអ្នកដាំម្រេចខ្នាតធម្យម និងធំនេះត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី ៤ កុម្ភៈ នៅក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុន និងសមាគមម្រេចកំពតបានបង្ហាញពីការគាំទ្រ និងបានឯកភាព សម្រាប់យុទ្ធសាស្រ្តទីផ្សារថ្មីមួយនេះ ដោយសង្ឃឹមថា ទីផ្សារម្រេចកំពតនឹងមានការទទួលស្គាល់កាន់តែច្រើនជាងនេះទៀត។

 


ផ្នែកតាមរបាយការណ៍ក្រសួងកសិកម្ម នៅឆ្នាំ២០២០កន្លងមក នេះកម្ពុជាបាននាំចេញម្រេចសរុបជាង ៥ពាន់៧៩តោន ដោយច្រើនជាងឆ្នាំ២០១៩ ជាង១ពាន់តោន ស្នើនឹងកំណើនជាង ៣៧ភាគរយ។

 


ជាការបញ្ជាក់បន្ថែមរបស់សមាគមម្រេចកំពត ការពង្រីកទីផ្សារម្រេចកំពតកំពុងចាប់ផ្តើមមានសន្ទុះកើនឡើងខ្លាំងនៅសហគមអឺរ៉ុប ហើយចាប់តាំងពីចុងឆ្នាំ២០២០មកឃើញថា ទីផ្សារម្រេចមានភាពល្អប្រសើរឡើងវិញ ហើយសង្ឃឹមជឿជាក់ថា នៅឆ្នាំ២០២១ កាន់តែល្អជាងនេះទៀត ដោយសារតែថ្មីៗនេះមានវត្តមានក្រុមហ៊ុនជាច្រើនបានចុះកិច្ចសន្យាទិញម្រេចពីប្រជាសហគកសិករ។ 

 


លោក ងួន ឡាយ អះអាងទៀតថា ម្រេចកំពតនៅឆ្នាំ២០២១ សន្ទុះនៃការនាំចេញអាចនឹងច្រើនជាង៧០តោន លើសឆ្នាំកន្លងទៅ ខណៈនៅឆ្នាំនេះមានវត្តមានក្រុមហ៊ុន អីយូឡែន ជាទីផ្សារថ្មីសម្រាប់ម្រេចកំពត។

 


តាមសមាគមម្រេចកំពត តម្លៃម្រេចដែលប្រើឈ្មោះម្រេចកំពតនៅរក្សាតម្លៃដដែលរយៈពេល៥ ឆ្នាំមកហើយ គឺមិនមានការកើនឡើងឬធ្លាក់ចុះនោះទេពោលគឺម្រេចខ្មៅ ១គីឡូក្រាមថ្លៃ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈម្រេចមិនបានប្រើឈ្មោះម្រេចកំពតវិញគឺមានតម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024