ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ម្រេចកំពត ចាប់ផ្តើមពង្រីកវិសាលភាពទីផ្សាររបស់ខ្លួន កាន់តែធំនៅឆាកអន្តរជាតិ

២២ ធ្នូ ២០២០ | សេដ្ឋកិច្ច

សមាគមម្រេចកំពតបានឲ្យដឹងថា ម្រេចកំពតរបស់កម្ពុជា នឹងមានវិសាលភាពគ្របដណ្តប់កាន់តែធំលើទីផ្សារអន្តរជាតិ បន្ទាប់ពីបានទទួល ការការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន ៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ស្ថិតនៅតំបន់អឺរ៉ុប ខណៈកាលពីមុន ម្រេចកំពតរបស់កម្ពុជាមួយនេះ គឺគ្របដណ្តប់លើប្រទេសចំនួន ២៧ នៅសហគមអឺរ៉ុប ដែលអ្នកផលិតជឿជាក់ថាការការពារនេះនឹងជួយពង្រឹងគុណភាព និងពង្រីកទីផ្សារកាន់តែធំ។

 

 

 


លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានគូសបញ្ជាក់ថា ការពង្រីកទីផ្សារម្រេចកំពតកំពុងចាប់ផ្តើមមានសន្ទុះកើនឡើងខ្លាំងនៅសហគមអឺរ៉ុប បច្ចុប្បន្នសន្ទុះនៃទីផ្សារម្រេចកំពត នៅចុងឆ្នាំ២០២០នេះ ឃើញមានភាពល្អប្រសើរឡើងវិញ ហើយសង្ឃឹមជឿជាក់ថា នៅឆ្នាំ២០២១ កាន់តែល្អជាងនេះទៀត ដោយសារតែមានវត្តមានក្រុមហ៊ុន អីយូឡែន បានចុះកិច្ចសន្យាទិញម្រេចចំនួន១០ តោនរួចហើយពីប្រជាសហគកសិករ និងក្នុងពេលជាមួយនេះក៏ក្រុមហ៊ុនចំនួន ៤ផ្សេងទៀតក៏បានចុះកិច្ចសន្យាទិញម្រេចកំពតពីប្រជាកសិករសម្រាប់ឆ្នាំ២០២១ ផងដែរ។

 

 

 


លោក ងួន ឡាយ អះអាងទៀតថា ម្រេចកំពតកំពុងចាប់ផ្តើមមានសញ្ញាល្អឡើងវិញ ត្រង់ថា មកដល់ពេលនេះគឺមានអ្នកបញ្ជារទិញម្រេចកំពតដើម្បីត្រៀមទុកសម្រាប់ការនាំចេញមានបរិមាណជាច្រើនតោននៅចំពោះមុខផ្ទាល់ ប៉ុន្តែមិនទាន់ដឹងច្បាស់អំពីចំនួនទិញពិតប្រាកដនៅឡើយទេ តែក្រុមហ៊ុនអ្នកបញ្ជារទិញទាំងនេះសុទ្ធតែបានបង្ហាញពីភាពប្រាកដប្រជារបស់ខ្លួនជាមួយប្រជាកសិករផ្ទាល់តែម្តង ហើយក្នុងនាមជាសមាគមពេលនេះក៏កំពុងបំផុសចលនាឲ្យប្រជាកសិករពង្រឹងសកម្មភាពដាំម្រេចឡើងវិញ តែមិនបានធ្វើការពង្រីកផ្ទៃដីដាំម្រេចបន្ថែមនោះឡើយ។

 

 

 


លោកងួន ឡាយ បន្តថា ម្រេចកំពតនៅឆ្នាំ២០២១ សន្ទុះនៃការនាំចេញអាចនឹងច្រើនជាង៧០តោន លើសឆ្នាំកន្លងទៅ ខណៈនៅឆ្នាំនេះមានវត្តមានក្រុមហ៊ុន អីយូឡែន ជាទីផ្សារថ្មីសម្រាប់ម្រេចកំពត។

 

 

 


ប្រធានសមាគមម្រេចកំពតអះអាងទៀតថា ផលិតផលម្រេចកំពតដែលបាននាំចេញក្នុងឆ្នាំនេះគឺមិនមានការថយចុះនោះឡើយ ខណៈតម្រូវការទីផ្សារនាំចេញរាល់ឆ្នាំមានជុំវិញ ៧០ ទៅ៨០តោន ប៉ុន្តែមកដល់ពេលនេះការនាំចេញម្រេចកំពតបានជាង ៦០ តោនរួចហើយ ហើយរំពឹងថា ការនាំចេញនៅរក្សាបានក្នុងបរិមាណ លើស ៧០ តោនដូចឆ្នាំទៅមិញដែរ បើទោះបីឆ្នាំនេះម្រេចកំពតជួបបញ្ហាកូវីដ ១៩ ធ្វើឲ្យបាត់បង់ចំណែកទីផ្សារទេសចរ ប្រមាណ៣០ភាគរយក៏ដោយចុះ។

 

 

 


លោកងួនឡាយបានឲ្យដឹងទៀតថា តម្លៃម្រេចដែលប្រើឈ្មោះម្រេចកំពតនៅរក្សាតម្លៃដដែលរយៈពេល៥ ឆ្នាំមកហើយ គឺមិនមានការកើនឡើងឬធ្លាក់ចុះនោះទេពោលគឺម្រេចខ្មៅ ១គីឡូក្រាមថ្លៃ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈម្រេចមិនបានប្រើឈ្មោះម្រេចកំពតវិញគឺមានតម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024