ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សារមន្ទីរសិល្បៈ និងក្លឹបហាត់ប្រាណនៅចិនទទួលការពេញនិយមខ្លាំងក្នុងរដូវឈប់សម្រាក

១៩ កុម្ភៈ ២០២១ | កម្សាន្ដ

សារមន្ទីរ ពិព័រណ៍សិល្បៈ និងក្លឹបហាត់ប្រាណបានទទួលប្រជាប្រិយភាពខ្លាំងក្នុងអំឡុងពេលសប្ដាហ៍ឈប់សម្រាកបុណ្យចូលឆ្នាំចិន ខណៈការធ្វើដំណើរផ្លូវឆ្ងាយមិនត្រូវបានលើកទឹកចិត្ត ដោយសារតែវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩។

 

 


ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំរយៈពេលមួយសប្តាហ៍ ជាធម្មតាគឺជាពេលវេលាដែលប្រជាជនចិនត្រូវត្រលប់ទៅស្រុកកំណើតវិញដើម្បីជួបជុំសមាជិកគ្រួសារ ឬពុំដូច្នោះទេក៏ធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ឆ្ងាយៗ។

 

 

 

ប៉ុន្តែនៅឆ្នាំនេះ មនុស្សម្នាជាច្រើនបានសម្រេចឆ្លងពិធីបុណ្យចូលឆ្នាំនៅតំបន់ដែលពួកគេធ្វើការវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

 

 


ជាលទ្ធផល ការធ្វើដំណើរកម្សាន្តជិតៗដូចជាការទស្សនាសារមន្ទីរសិល្បៈទាំងបែបបុរាណ និងបែបទំនើប ហាក់ទទួលប្រជាប្រិយភាពជាងឆ្នាំមុនៗ ។

 

 

ជាក់ស្ដែង ពេញមួយសប្ដាហ៍នៃពិធីបុណ្យចូលឆ្នាំឆ្នាំនេះ ទីតាំងពិព័រណ៍សិល្បៈចំនួន ៣៦ និង សារមន្ទីរជាង ៨០ បានបើកជាសាធារណៈនៅទីក្រុងសៀងហៃ។ លើសពីនេះ កន្លែងកាយវប្បកម្មជាង ៩០០ ក៏ត្រូវបានបើកជាសាធារណៈផងដែរក្នុងឱកាសវិស្សមកាលដ៏ធំនេះ។

 


សារមន្ទីរសិល្បៈនៅទីក្រុងក្វាងចូវ ក៏ទទួលបានភ្ញៀវចូលទស្សនា និងកម្សាន្តជាច្រើនដែរ។ តួយ៉ាងដូចជា សារមន្ទីរមួយស្ថិតក្នុងអគារ Canton Tower បានដាក់បង្ហាញសម្លៀកបំពាក់របាំម៉ុងសាយចម្រុះ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកស្វែងយល់អំពីវប្បធម៌ក្នុងតំបន់នេះ ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024