ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃបើកយុទ្ធនាការ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីយោធាបានជិត ៥ពាន់នាក់

១៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ចាប់ពីថ្ងៃបើកយុទ្ធនាការ ថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនចំពោះមន្ត្រីយោធាជាន់ខ្ពស់ ថ្នាក់ដឹកនាំ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ តាមការស្ម័គ្រចិត្ត បានចំនួនជិត៥ពាន់នាក់ហើយ។ ដោយឡែកនៅចុងសប្តាហ៍នេះ ក្រុមការងារវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នឹងបន្តចាក់ជូនមន្ត្រីយោធាជាន់ខ្ពស់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅក្នុងខេត្តកោះកុង។ 

 


រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃបើកយុទ្ធនាការ ថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូហ្វាម ជូនចំពោះមន្ត្រីយោធាជាន់ខ្ពស់ ថ្នាក់ដឹកនាំ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ តាមការស្ម័គ្រចិត្ត បានចំនួនជិត៥ពាន់នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ។ 

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា នៅចុងសប្តាហ៍នេះ ក្រុមការងារវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នឹងបន្តចាក់ជូនមន្ត្រីយោធាជាន់ខ្ពស់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅក្នុងខេត្តកោះកុង។ 

 


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ ដើម្បីគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការការពារសុខភាព និងលើកកម្ពស់សុខមាលរបស់កងទ័ព។

 


គួររំលឹកជូនថា ក្រោយទទួលបានចំណែកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣០ម៉ឺនដូស ដែលបានផ្តល់ដោយប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនចំពោះ មន្ត្រីយោធាជាន់ខ្ពស់ ថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ តាមការស្ម័គ្រចិត្ត នៅមន្ទីរពេទ្យព្រះកេតុមាលា ដែលស្របពេលជាមួយគ្នានឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងសុខាភិបាលដែរ ។

 


គួរបញ្ជាក់ថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូសដល់កម្ពុជា ហើយកាលពីថ្ងៃទី០៧ កុម្ភៈ វ៉ាក់សាំងដំណាក់កាលដំបូងចំនួន៦០ម៉ឺនដូស ត្រូវបានបញ្ជូនមកដល់កម្ពុជា។ ក្នុងចំណោមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕


អត្ថបទ៖ សន រដ្ឋា    រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024