ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ការស្លាប់របស់ផ្សោតតាមដងទន្លេមេគង្គ កាន់តែកើនឡើង គួរឲ្យព្រួយបារម្ភ

០៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ភាគីពាក់ព័ន្ធ បានដាក់ចេញវិធានការចាំបាច់បន្ទាន់ក្នុងការពង្រឹងការអនុវត្តច្បាប់ នៅក្នុងទីជម្រកសំខាន់ៗរបស់សត្វផ្សោតតាមដងទន្លេមេគង្គ ពិសេសនៅអន្លង់ផ្សោតកាំពី។ វិធានការបន្ទាន់នេះ បន្ទាប់ពីចំនួនផ្សោត ដែលស្លាប់មានការកើនឡើងជាលំដាប់ ជាក់ស្តែង នៅដើមឆ្នាំ២០២១នេះ គេបានរកឃើញសាកសពសត្វផ្សោតចំនួនពីរ ដែលស្លាប់ដោយសារជាប់មងរបស់អ្នកនេសាទ។

 


នៅដើមឆ្នាំ២០២១នេះ សាកសពសត្វផ្សោតចំនួនពីរហើយ ដែលត្រូវបានរកឃើញថា ស្លាប់ដោយសារជាប់មងរបស់អ្នកនេសាទ។ ការលូចប្រើមងនេសាទខុសច្បាប់នៅក្នុងតំបន់ការពារសត្វផ្សោត ជាបញ្ហាចម្បងមួយដែលធ្វើឲ្យចំនួនសត្វទន្លេមេគង្គ កាន់តែហោចទៅៗ ខណៈចំនួនរបស់ពួកគេនៅសល់តិចជាង ១០០ក្បាលប៉ុណ្ណោះ។ 


ជុំវិញបញ្ហានេះ ភាគីពាក់ព័ន្ធដែលរួមមានមរដ្ឋបាលជលផល រដ្ឋបាលខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន អង្គការ WWF សមាជិកសហគមន៍ និងឆ្មាំទន្លេ បានជួយគ្នានៅដើមខែកុម្ភៈនេះ ដើម្បីដាក់ចេញវិធានការចាំបាច់បន្ទាន់ក្នុងការពង្រឹងការអនុវត្តច្បាប់នៅក្នុងទីជម្រកសំខាន់ៗ របស់សត្វផ្សោតតាមដងទន្លេមេគង្គ ជាពិសេសនៅអន្លង់ផ្សោតកាំពី។

 


អង្គការ WWF បានឲ្យដឹងថា ផែនការសកម្មភាពចាំបាច់បន្ទាន់នេះ នឹងផ្តោតលើការខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរឹងរបស់ឆ្មាំទន្លេដោយមានការចូលរួមបន្ថែមទៀតពីសហគមន៍មូលដ្ឋាននៅជុំវិញអន្លង់ផ្សោតកាំពី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទនៅក្នុងតំបន់ការពារសត្វផ្សោត។ 


ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះ បានដាក់ចេញគោលការណ៍ឲ្យឆ្មាំទន្លេ មន្ត្រីជលផល និងប្រជាការពារ ត្រូវពង្រឹងការអនុវត្តច្បាប់ជលផលហាមឃាត់ការប្រើប្រាស់មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សោត ត្រូវបន្ដការតាមដាន និងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ ដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណីសម្រាប់សត្វផ្សោត។ ជាពិសេស ត្រូវធ្វើការល្បាតជាប្រចាំត្រួតពិនិត្យ បង្ក្រាប់បទល្មើសជលផល និងខិតខំស្រាវជ្រាវរកជនល្មើស ដែលប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់យកទៅផ្ដន្ទាទោសតាមច្បាប់ជលផល។

 

 

អាជ្ញាធរខេត្តបានគូសបញ្ជាក់ថា ការរួមគ្នាការពារ និងអភិរក្សសត្វផ្សោតទាំងនេះ ជាកត្តាមួយដ៏សំខាន់សម្រាប់ខេត្តក្រចេះក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តបន្ទាប់ពីប្រាសាទអង្គរវត្ត និងជាសម្បត្តិដ៏មហាសាលនៅសល់តែក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ ខណៈដែលពិភពលោកត្រូវបាត់បង់សត្វផ្សោតទឹកសាប់ស្ទើរផុតពូជទៅហើយនោះ។

 

 


គួរជម្រាបថា តាមរបាយការណ៍ករណីស្លាប់របស់សត្វផ្សោត មានការកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០១៨ សត្វផ្សោតស្លាប់មានចំនួន ៥ក្បាល, ឆ្នាំ២០១៩ ស្លាប់៦ក្បាល, ឆ្នាំ២០២០ស្លាប់៩ក្បាល និងក្នុងខែមករាឆ្នាំ២០២១ ស្លាប់ ២ក្បាល ក្នុងនោះ មានកូនផ្សោត ១ក្បាល និងផ្សោតពេញវ័យ១ក្បាល៕

 

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ 
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024