ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្នុងឆ្នាំ២០២០នេះ ចំនួនសត្វផ្សោតមេគង្គ នៅកម្ពុជា ពុំមានការធ្លាក់ចុះឡើយ

២៥ តុលា ២០២០ | ព័ត៌មានជាតិ

ការសិក្សាពីចំនួនសត្វផ្សោតទន្លេមេគង្គ នៅឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនសត្វផ្សោតមេគង្គនៅកម្ពុជា ពុំមានការធ្លាក់ចុះនោះឡើយ គឺមានប្រមាណ ៨៩ក្បាល។ ប៉ុន្តែ សត្វផ្សោតទាំងនោះ កំពុងប្រឈមការគំរាមកំហែងពីបទល្មើសនេសាទ ភាគច្រើនជាមងនេសាទ។

 


តាមការសិក្សាអំពីចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាក្នុងឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនសត្វផ្សោតនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង គឺមានប្រមាណ៨៩ក្បាល ខណៈចំនួនដែលបានកត់ត្រានៅក្នុងឆ្នាំ២០១៧ មានប្រហែល៩២ក្បាល។ ចំនួននេះ អ្នកជំនាញអះអាងថា ពុំមានការធ្លាក់ចុះនោះឡើយ គឺស្ថិរក្នុងចំនួនថេរ និងអាចគ្រប់គ្រងបាន។

 


ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពី ការសិក្សាអំពីចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ធ្វើឡើងនៅរដ្ឋបាលជលផល នៅថ្ងៃទី២២ ខែតុលានេះ លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០នេះ អត្រាថយចុះរបស់ផ្សោតគឺស្ថិតក្នុងស្ថានភាពល្អ ពោលគឺចំនួនកូនផ្សោតដែលធំពេញវ័យអាចបន្តពូជបានមានដល់ទៅ ៤.២២ភាគរយ ដែលជាចំនួនផ្សោតថ្មីត្រូវបានកត់ត្រា។

 


លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានលើកឡើងថា ការរក្សាបាននូវកូនផ្សោតដែលកើតថ្មីរហូតដល់ពួកវាពូជ នឹងធ្វើឲ្យចំនួនមានការកើនឡើង។ ប៉ុន្តែការងារសំខាន់ គឺធ្វើយ៉ាងណាទប់ស្កាត់បទល្មើសនេសាទ ដែលនៅតែបន្តកើតមាន និងគំរាមកំហែងដល់ជីវិតសត្វផ្សោតក្នុងទន្លេមេគង្គ។ 

 


សូមជម្រាបថា បច្ចុប្បន្ន រដ្ឋបាលជលផលមានស្នាក់ល្បាតចំនួន១៦ ចាប់ពីព្រែកកាំពី ខេត្តក្រចេះរហូតដល់ខេត្តស្ទឹងត្រែងទល់ដែនឡាវ និងមានឆ្មាំទន្លេចំនួន ៧២នាក់ ដែលធ្វើការចុះល្បាតចល័តជាប្រចាំ។ ក្នុងរយៈពេល៣ឆ្នាំនៃការអនុវត្តច្បាប់តាមដងទន្លេមេគង្គ ចាប់ពីឆ្នាំ២០១៧ មកដល់ខែតុលានេះ មងនេសាទរហូតដល់ទៅ ២២ម៉ឺនម៉ែត្រ ត្រូវបានរឹបអូសពីអន្លង់ផ្សោត សន្ទូចរនង ១២ម៉ឺនម៉ែត្រ ឧបករណ៍ឆក់ ៦៤ករណី និងជនល្មើស១៣នាក់ ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024