ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីទទួលបន្ទុក ប្រកាសឲ្យកសិករ ដែលត្រូវការគ្រាប់ពូជពោត ហាយប្រ៊ីតកម្ពុជា សូមទាក់ទងស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក

១២ មករា ២០២១ | ព័ត៌មានជាតិ

កាលពីចុងឆ្នាំ២០២០ កន្លងទៅថ្មីនេះ ក្រសួងកសិកម្ម បានអនុញ្ញាតឲ្យប្រើប្រាស់គ្រាប់ពូជពោត ហាយប្រ៊ីតកម្ពុជា ដំបូងគេឈ្មោះ CHM01 គឺជាគ្រាប់ពូជធន់នឹងជំងឺ ធន់នឹងការប្រែប្រួលអាកាសធាតុ ផ្តល់ទិន្នផលខ្ពស់ ជាងគ្រាប់ពូជដទៃទៀត ហើយមន្ត្រីទទួលបន្ទុកបានឱ្យដឹងថា កសិករដែលត្រូវការគ្រាប់ពូជពោតដ៏ល្អនេះទៅដាំដុះ អាចទំនាក់ទំនងនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក ខេត្ត កណ្តាល ។

 


នៅដើមឆ្នាំ ២០២១ នេះ យើងបាន និង កំពុងផលិតគ្រាប់ពូជ ជាពិសេសផលិត មេបារបស់វា ហើយនៅចុងឆ្នាំ ២០២១ នេះ យើងនឹងបានគ្រាប់ពូជកាន់តែច្រើន ដើម្បី យកទៅពង្រីកនៅលើផ្ទៃដីចម្ការរបស់កសិករពី ១០០ ទៅ ២០០ ហិកតា ។ សម្រាប់ពេលនេះ ចំពោះកសិករដែលត្រូវការគ្រាប់ពូជពោតហាយប្រ៊ីតកម្ពុជា អាចទៅទំនាក់ទំនងនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក ខេត្ត កណ្តាល ដែលនៅទីនោះ កសិករ នឹងទទួលបានការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអំពីវិធីសាស្ត្រដាំដុះ ក៏ដូចជាការប្រើប្រាស់គ្រាប់ពូជពោតហាយប្រ៊ីតកម្ពុជា នេះឱ្យមានប្រសិទ្ធភាព ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃ អគ្គនាយកដ្ឋានកសិកម្ម ប្រាប់ PNN នៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២១ នេះ ។

 


សូមជម្រាបថា កាលពីឆ្នាំ ២០១៤ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំ កម្ពុជា បានចាប់ផ្តើមសិក្សាស្រាវជ្រាវ និង ពិសោធបានដោយជោគជ័យ នូវគ្រាប់ពូជពោត ហាយប្រ៊ីតថ្មីមួយ ឈ្មោះថា CHM01 ដែលមានលក្ខណសម្បត្តិពិសេសគឺ  ធន់នឹងជំងឺបួស  ផ្តល់ទិន្នផលខ្ពស់ គឺក្នុង ១ ហិកតា ផ្តល់ទិន្នផលប្រមាណជា ៨ ទៅ ៩  តោន កន្លះ គិតជាគ្រាប់ពោតស្ងួត គឺខ្ពស់ជាងប្រភេទពូជពោត ហាយប្រ៊ីត នាំចូលពីបរទេសទៅទៀត ធន់នឹងការប្រែប្រួលអាកាសធាតុ ត្រូវការពេលវេលាខ្លីជាងប្រភេទពូជ ហាយប៊្រីដផ្សេងៗចំនួនពី១០-១៥ ថ្ងៃសម្រាប់ដាំដុះ និង មានគ្រាប់ធំ ។

 


នៅអំឡុងឆ្នាំ ២០១៧, ២០១៨ និង ឆ្នាំ ២០១៩ អគ្គនាយកដ្ឋានកសិកម្ម បានយកពូជពោតនេះ ទៅដាំដុះពិសោធន៍ បន្សាំនៅតាមបណ្តាចម្ការរបស់កសិករនៅខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ និង ខេត្តកណ្ដាលចំនួនជាង ២០០កន្លែង ដើម្បី ឱ្យប្រាកដអំពីភាពសមស្រប នៃ ក្សេត្របរិស្ថានរបស់ពូជ ទិន្នផល គុណភាព ភាពធន់ទាំងជំងឺ និង ការប្រែប្រួលអាកាសធាតុ នៅតំបន់ផ្សេងៗគ្នា ហើយលទ្ធផលគឺមានលក្ខណប្រហាក់ប្រហែលទៅនឹងអ្វីដែលបានពិសោធន៍ និង អនុវត្តនៅក្នុងស្ថានីយបន្ទាយដែកដែរ ។ ដោយហេតុនោះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យគ្រាប់ពូជពោត ហាយប្រ៊ីតកម្ពុជា ដំបូងគេ CHM01 នេះ ប្រើប្រាស់ជាសាធារណៈកាលពីចុងឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ។

 


បន្ទាប់មកនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានចុះ MOU ជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំនៅ កម្ពុជា លើកិច្ចសហប្រតិបត្តិការបច្ចេកទេស ផលិតកម្ម និង ផ្សព្វផ្សាយគ្រាប់ពូជពោត ហាយប្រ៊ីត CHM01 នៅ កម្ពុជា តាមរយៈ ការពង្រឹងសមត្ថភាពអ្នកសិក្សាស្រាវជ្រាវ និង ការបង្កើតពូជពោត ហាយប្រ៊ីតថ្មី ,បង្កើតជាទម្រង់ ឬ គំរូសម្រាប់ផលិតកម្ម និង ចែកចាយគ្រាប់ពូជពោត ហាយប្រ៊ីត CHM01 ជូនកសិករ ដើម្បី ឲ្យកសិករបានយល់ដឹង និងទទួលយកកាន់តែទូលំទូលាយជាដើម ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ងិន ឆាយ ដដែល ។


ដំណាំពោត គឺជាដំណាំគោលទី ៣ បន្ទាប់ពីស្រូវ និង ដំឡូងមី សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និង នាំចេញទៅក្រៅប្រទេស ។ បច្ចុប្បន្ននៅទូទាំងប្រទេស កម្ពុជាមានផ្ទៃដីដាំពោតសរុបចំនួនជិត ១ សែន ៥ ម៉ឺន ៥ ពាន់ហិកតា ដោយអាចប្រមូលបានផលពោតសរុបប្រមាណជាង ៧ សែន ៣ ម៉ឺន ៥ និង ៥០០ តោន ក្នុង ១ ឆ្នាំៗ ៕

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024