ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប៉ែន ស្រីពេជ្រ រៀបការជាមួយមន្រ្តីព្រឹទ្ធសភាវ័យក្មេងក្រោយស្គាល់គ្នា ៦ឆ្នាំ  

១១ មករា ២០២១ | កម្សាន្ដ

សម្រាប់ដើមឆ្នាំ ២០២១ នេះតារាស្រី ប៉ែន ស្រីពេជ្រ បានបើកឆាកពិធីមង្គលការមុនគេបង្អស់ក្នុងចំណោមសិល្បករជាច្រើន ក្រោយពីបានផ្អាកពិធីមង្គលការអស់ជាច្រើនលើក ។ 

 

បន្ទាប់ពីរដ្ឋាភិបាលប្រកាសឱ្យប្រជាជនអាចរៀបចំពិធីមង្គលការបានឡើងវិញពិធីការិនី ប៉ែន ស្រីពេជ្រ មិនបង្អង់យូរឡើយ នាងបានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងធំដុំ ជាមួយបុរសរូបសង្ហារវ័យក្មេងជាមន្រ្តីបម្រើការនៅព្រឹទ្ធសភា បន្ទាប់ពីបានផ្អាកពិធីនេះជាច្រើនលើក ដោយសារជំងឺកូវីដ ១៩ ។ 

 

តាមគម្រោង ប៉ែន ស្រីពេជ្រ ត្រូវរៀបការតាំងពីប៉ុន្មានខែមុនមកម្លេះ បន្ទាប់ពីភ្ជាប់ពាក្យកាលពីខែ មេសា តែដោយសារជំងឺកូវីដ ១៩ ចេះតែរីកាលដាលជាបន្តបន្ទាប់ បានធ្វើឱ្យនាងបានផ្អាកពិធីនោះជាច្រើនដង ទើបតែនៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ នេះ នាងបានដឹកដៃគូស្នេហ៍ស្គាល់គ្នាជាង ៦ ឆ្នាំខ្លួនចូលរោងជ័យទៅតាមប្រពៃណី ខ្មែរ ក្រោមវត្តមាន សិល្បករសិល្បការិនីជាច្រើន ។  

 

 

ប៉ែន ស្រីពេជ្រ ពិតជាស្រស់ស្អាតខ្លាំងក្នុងថ្ងៃពិសេសរបស់ខ្លួន ដោយនាងញញឹមបិទមាត់មិនជិតឡើយ ហើយមិត្តភក្តិជាច្រើនបានជូនពរនាង ឱ្យមានសុភមង្គល និងមានកូនឆាប់ៗ ។

 


ប៉ែន ស្រីពេជ្រ បានរំលឹកពីប្រវត្តិស្នេហ៍របស់ខ្លួនថា នាងស្រឡាញ់គ្នាជាមួយលោក ឆេង ពន្លកនេត្រា អស់ពេលជាង ៦ ឆ្នាំ បន្ទាប់ពីបានស្គាល់គ្នានៅកន្លែងហាត់ប្រាណមួយកន្លែង និងបានសុំហ្វេសប៊ុក ដើម្បីទំនាក់ទំនងគ្នា ក្រោយពីមើលចិត្តគ្នាច្រើនឆ្នាំនាងមើលឃើញចំណុចពិសេសជាច្រើនរបស់គូស្នេហ៍ខ្លួន ទើបនាងសម្រេចចិត្តរៀបការ ។

 


បន្ទាប់ពីរៀបការរួចតារាស្រីវ័យ ២៧  ប៉ែន ស្រីពេជ្រ មិនមានគម្រោងនឹងចេញទៅក្រេបទឹកឃ្មុំនៅតាមតំបន់ទេសចរណ៍ នៅបណ្តាខេត្តនានានោះទេ។

 


ដោយសារមុនរៀបការ នាងនិងស្វាមី បាននាំគ្នាទៅថតរូប Pre Wedding នៅខេត្ត ព្រះវិហារ សៀមរាប ហើយក៏បានចំណាយពេលវេលាដើរកម្សាន្តរួមគ្នារួចរាល់ហើយ ដូច្នេះហើយទើបនាងចង់ចំណាយពេលវេលាទៅលើការងារច្រើនជាង ។

 

 

ទោះជាយ៉ាងណាក្តី ប៉ែន ស្រីពេជ្រ មានបំណងនឹងយកកូនភ្លាមៗបន្ទាប់ពីរៀបការ ពីព្រោះនាងក៏មានវ័យច្រើនគួរសម ។ 

 


ងាកមកអាជីពសិល្បៈវិញ ប៉ែន ស្រីពេជ្រ បានប្រកាសផ្អាកការងារសម្តែងទាំងស្រុង បន្ទាប់ពីរៀបការរួច ប៉ុន្តែសម្រាប់អាជីពជាពិធីករ នាងនៅតែបន្តដូចដើម ប៉ែន ស្រីពេជ្រ បានលើកឡើងថា នាងផ្អាកការងារសម្តែង ដោយសារនាងមមាញឹកនៅក្នុងការងារពិធីករពេក ទើបមិនមានពេលវេលាច្រើនដើម្បីថតរឿង មិនមែនដោយសារស្វាមីនាងហាមឃាត់មិនឱ្យនាងប្រលូកក្នុងវិស័យនេះទេ ស្វាមីនាងមានតែជំរុញឱ្យនាង ធ្វើការងារនេះជាបន្តទៀត ៕ 
 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024