ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ​ សម្រុកជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ លើផ្លូវចំនួន​ ២៩​ខ្សែឡើងវិញ ​ក្រោយ​រង​ការ​ខូច​ខាតដោយសារ​ជំនន់ទឹកភ្លៀង

០៥ មករា ២០២១ | ព័ត៌មានជាតិ

អាជ្ញាធរ បានសម្រុកជួសជុលគ្រឹះ និងអ៊ុតកៅស៊ូលើផ្លូវ​២៩​ខ្សែឡើងវិញ នៅតាមបណ្តាខណ្ឌមួយ​ចំនួន នៅក្នុង​រាជធានីភ្នំពេញ។ ផ្លូវទាំង ២៩ខែ្សនេះ ជួសជុលឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារ​ជំនន់ទឹកភ្លៀង កាលពីអំឡុង​រដូវវស្សាកន្លងទៅ។

 

ផ្លូវចំនួន ២៩ខែ្ស ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រុកជួសជុលគ្រឹះ និងអ៊ុតកៅស៊ូឡើងវិញ​បន្ទាប់​ពីរង​ការ​ខូចខាតដោយសារ​ជំនន់ទឹកភ្លៀង កាលពីអំឡុង​រដូវវស្សាកន្លងទៅ។ ​ឯកឧត្តម ​ឃួ​ង ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងថា ផ្លូវទាំង២៩ខ្សែនោះរួមមាន ក្នុងខណ្ឌដូនពេញ មាន​ចំនួន​១៦​ខ្សែ ​ខណ្ឌ​ទួល​គោក ​មាន​ចំនួន​៧ខ្សែ ខណ្ឌ​ច្បារអំពៅ ​មាន​ចំនួន​២ខ្សែ នៅ​ខណ្ឌមានជ័យ មាន​ចំនួន​២​ខ្សែ ខណ្ឌឫស្សីកែវ ​មានចំនួន​១​ខ្សែ និងខណ្ឌចំការមន មានចំនួន​១​ខ្សែ។

 

 

 

ឯកឧត្តម បានបន្ថែមថា ជាក់ស្ដែងនៅក្នុង​ពេលនេះ ក្រុមការងារកំពុង​ជួសជុល​ថែទាំ​ផ្លូវ​ដែល​ទទួលរង​ការខូច​ខាតយ៉ាងសកម្ម​ទាំង​ការជួសជុល​គ្រឹះ​និង​ការ​អ៊ុត​កៅស៊ូ​ឱ្យបាន​​​ស្អាត​ឡើង​វិញ​ ដើម្បី​ដាក់​ឲ្យ​ ​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក ហើយដូចជាជាការ​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាពស្រស់ស្អាត​ផងដែរ​។​

 

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងកាលពីចុងឆ្នាំ២០២០ បានធ្វើអោយខណ្ឌ​ចំនួននៅក្នុងរាជធានីភ្នំពេញ​រងផលប៉ះពាល់ ។ ក្រៅពីប៉ះពាល់ផ្ទះសំបែង ស្រែចម្ការរបស់ប្រជាពលរដ្ឋ ក្នុងនោះក៏មានការខូច​ខាត​​​ប្រព័ន្ធ​លូ ប្រឡាយ​បង្ហូរទឹក និង​ផ្លូវថ្នល់ជាដើម៕

 

អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024