ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ឈុតបុរាណ លាយសម័យធ្វើឱ្យ ទឹម រដ្ឋា លេចធ្លោខ្លាំងក្នុងកម្មវិធី“ការវិវឌ្ឍសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ »

២៦ តុលា ២០២០ | កម្សាន្ដ

ថ្វីត្បិតតែជាតារាសម្តែងនិងបង្ហាញម៉ូដ សិចស៊ី តែ ទឹម រដ្ឋា មិនភ្លេចពីសម្លៀកបំពាក់ប្រពៃណី ខ្មែរ នោះទេ ជាក់ស្តែងក្នុងឈុតសម្លៀកបំពាក់មួយឈុតនេះនាងពិតជាលេចធ្លោខ្លាំង ។ 


ទឹម រដ្ឋា ពិតជាលេចធ្លោខ្លាំងក្នុងកម្មវិធី  « ការវិវឌ្ឍសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ »  ដោយនាងបានគ្រោងឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ដែលច្នៃចេញពីស្នាដៃកូន ខ្មែរ ពិតៗ  ។  


មួយរយៈពេលចុងក្រោយនេះ ទឹម រដ្ឋា មិនសូវបង្ហាញមុខនៅក្នុងកម្មវិធីធំៗដូចពេលមុនៗឡើយ ពីព្រោះការងារជាច្រើនត្រូវបានលុបចោល ដោយសារជំងឺកូវីដ ១៩ តែទោះជាយ៉ាងណាក្តីថ្មីៗនេះ ទឹម រដ្ឋា បានងាកមកសម្រុកថតភាពយន្តឡើងវិញ ដើម្បីសាងស្នេហាខ្លួនឱ្យខ្លាំងក្លាឡើង ។

 

ជួបជាមួយ ទឹម រដ្ឋា នៅក្នុងកម្មវិធី “ការវិវឌ្ឍសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ » កាលពីពេលថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថា ទឹម រដ្ឋា ពិតជាលេចធ្លោខ្លាំងជាមួយឈុតសម្លៀកបំពាក់មួយឈុត ដែលច្នៃចេញពីស្នាដៃកូនខ្មែរ ពិតៗ ។ 


ក្នុងទឹកមុខញញឹម ទឹម រដ្ឋា បានឱ្យដឹងថា នាងធ្លាប់ស្លៀកសម្លៀកបំពាក់ប្រពៃណីច្រើនមក ហើយ តែសម្លៀកបំពាក់មួយឈុតនេះពិតជាស្រស់ស្អាត ធ្វើឱ្យនាងឱ្យពេញចិត្តខ្លាំង ។  


ដោយឡែកលោក អ៊ិត វាសនា អ្នកច្នៃម៉ូដសម្លៀកបំពាក់ និងជាម្ចាស់ហាងកាត់ដេរ ខ្មែរ ឌីសាញ  បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏ធំដែលរៀបចំឡើងដោយក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ សម្រាប់ឈុតសម្លៀកបំពាក់ ២ ម៉ូដ ដែលលោកយកមកបង្ហាញនេះ គឺជាការច្នៃម៉ូដដោយដៃរបស់លោកផ្ទាល់ ដោយលោកចំណាយពេលវេលាត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ហើយលក្ខណៈពិសេសក្នុងឈុតសម្លៀកបំពាក់នេះ គឺលោកបានជ្រើសរើសយកហូលកូម ព្រែកចង្ក្រាន និង ហូល បន្ទាយស្រី ដើម្បីលើកស្ទួយស្នាដៃកូន ខ្មែរ ។ 

 


លោក អ៊ិត វាសនា បានជួយរកទីផ្សារដល់បងប្អូនតប្បាញនៅ ព្រែកចង្រាន និង ហូល បន្ទាយស្រី ជាយូរឆ្នាំមកហើយ រហូតធ្វើឱ្យវិស័យ ហូល ខ្មែរ មានទីផ្សារខ្លាំង ជាក់ស្តែងសម្រាប់ហាងរបស់លោក ទទួលបានការគាំទ្រខ្លាំងពីអតិថិជនក្នុងការដេរសម្លៀកបំពាក់ ច្នៃ ចេញពីស្នាដៃកូន ខ្មែរ ពិតៗ ។

 

ទឹម រដ្ឋា ក៏បានផ្ញើសារឱ្យបងប្អូន ខ្មែរ ចូលរួមគាំទ្រ ហូល ខ្មែរ ឱ្យបានច្រើន ៕  

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024