ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរទឹកចិត្តមនុស្សធម៌របស់តារាៗ និងម្ចាស់ផលិតកម្ម Galaxy 

២២ តុលា ២០២០ | កម្សាន្ដ

ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរជាខ្លាំងចំពោះទឹកចិត្តមនុស្សធម៌របស់ម្ចាស់ផលិតកម្ម Galaxy គឺលោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានរួមចំណែកធំធេងចូលរួមជាថវិកាជាមួយរដ្ឋាភិបាលក្នុងការជួយពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ព្រមទាំងដឹកនាំតារាៗចុះជួយផ្ទាល់ទៀតផង។

 


សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាម្សិលមិញនេះថ្លែងពីខេត្ត បន្ទាយមានជ័យ ទីដែលសម្ដេចចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង បានលើកសរសើរ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម Galaxy បានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ព្រមទាំង យកអំណោយអង្ករ៥០តោន ហើយថែមដឹកនាំ កំពូលតារាចម្រៀងល្បីៗ ដូចជា ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារីជាដើមចុះចែកអំណោយដោយផ្ទាល់ នៅខេត្តបន្ទាយមានជ័យ។ 

 


ក្រៅតែពីកោតសរសើរតារាៗ និងម្ចាស់ផលិតកម្មខាងលើ សម្ដេចក៏បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីដោះបញ្ហាកំពុងជួបប្រទះនេះ។

 


ដោយឡែកម្ចាស់ផលិតកម្ម Galaxy ដែលជាឧកញ៉ាវ័យក្មេងកំពុងល្បីឈ្មោះបាននិយាយ «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។

 

អីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា?

 

 

យើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។


សូមបញ្ជាក់ថាម្ចាស់ផលិតកម្ម Galaxy កាលពីម្សិលមិញនេះ បានដឹកនាំ តារាចម្រៀងរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាច្រើនដួង បានបង្ហាញវត្តមាន ជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ ក្នុងមាន លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង កញ្ញា អ៊ុក សុវណ្ណារី ដែលដឹកនាំដោយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយអំណោយជាអង្ករ ចំនួន៥០តោន និងគ្រឿងឧបភោប ជាច្រើន ថែមទៀតផង ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។

 

 

សកម្មភាពនេះ បានធ្វើឲ្យមហាជន កោតសរសើរនៅទឹកចិត្តមនុស្សធម៌នេះជាខ្លាំង ពិសេសនោះ គឺសម្ដេចតែម្ដង បានលើកសរសើរចំពោះមុខតែម្ដង៕

 

 


អត្ថបទ៖ ម៉ារិសា រូបភាព៖ ហ៊ុន សុជាតា និងផ្ដល់ឱ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024