ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
បើទោះបីជាបច្ចុប្បន្ន សមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ លើបណ្តាក្លិបវាយកូនឃ្លីលើតុដទៃទៀតនៅកម្ពុជា តាមរយៈការប្រជែងមេដាយមាស ពីគ្រប់ព្រឹត្តិការណ៍ក្នុងស្រុក តែសមាគមកីឡាមួយនេះ បានដាក់ទិសដៅ និងប្តេជ្ញាចិត្តបន្តជំរុញ និងបន្តឧបត្ថមដល់ការហ្វឹកហាត់របស់កីឡាករខ្លួន ឱ្យឈានដល់កម្រិតមួយដែលអាចប្រជែងមេដាយបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមទៅថ្ងៃមុខបាន។
ថ្លែងប្រាប់ PNN SPORTS ប្រធានសមាគម កីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ លោក តេង សំណាង បានអះអាងថា ការឈានដល់កម្រិតមួយដែលអាចយកមេដាយស៊ីហ្គេមបាន គឺជាកិត្តិយសមួយរបស់សមាគម ដ្បិតការប្រជែងបានមេដាយ ពីជើងឯកថ្នាក់ជាតិ និង National Games ពុំគ្រប់គ្រាន់តាមអ្វីដែលសមាគមចង់បាននោះទេ។
«តាមពិតយើងមិនចង់បានត្រឹមតែមេដាយពីជើងឯកថ្នាក់ជាតិ និងព្រឹត្តិការណ៍ National Games អីនោះទេ សមាគមកីឡាវាយកូនឃ្លីលើតុរបស់ក្រសួងមហាផ្ទៃយើង កំពុងដាក់ទិសដៅធ្វើយ៉ាងណា ជំរុញ និងបន្តឧបត្ថម្ភដល់កីឡាករឆ្នើមៗរបស់យើង ដើម្បីពួកគេបន្តប្រឹងប្រែងហ្វឹកហាត់ រហូតអាចឈានដល់កម្រិតមួយដែលអាចប្រជែងមេដាយស៊ីហ្គេម ទៅថ្ងៃមុខបាន ព្រោះកីឡាកររបស់យើងភាគច្រើនជាជម្រើសជាតិស្រាប់។ បើយើងបានជោគជ័យដោយឈ្នះមេដាយ នោះបានន័យថា អង្គភាព និងសមាគមកីឡាក្រសួងមហាផ្ទៃយើង ក៏បានមេដាយ និងកិត្តិយសតាមហ្នឹងដែរ»។
គួរដឹងដែរថា បើទោះបីជាមានការផ្អាកប្រមូលផ្តុំហ្វឹកហាត់ដោយសារមេរោគកូវីដ១៩ក្តី តែកីឡាករវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃទាំង៦រូប នៅតែឆ្លៀត ពេលរៀបចំការហ្វឹកហាត់ខ្នាតតូចមួយរបស់ខ្លួនជាប្រចាំថ្ងៃ។ ដោយការហ្វឹកហាត់ន៉ ត្រូវធ្វើឡើងមួយថ្ងៃថ្ងៃ៣ម៉ោង។ ការហ្វឹកហាត់ដោយមានការត្រួតពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីថ្នាក់នាំសមាគម ធ្វើឡើងទាំងដើម្បីរក្សាគុណផលកីឡារបស់កីឡាករ និងត្រៀមការពារមេដាយមាសកីឡាជាតិ ឬ National Games លើកទី៣ ឆ្នាំ២០២០ ដែលខ្លួនប្រជែងបានកាលឆ្នាំ២០១៨កន្លងទៅនេះផងដែរ៕
អត្ថបទ៖ ងិន មករា