ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចំនួនអ្នក​ឆ្លងជំងឺ ខូវីដ១៩ សរុប​នៅទូទាំង​ពិភពលោក បាន​កើនឡើង​ដល់ជាង ២៩,៤លាននាក់

១៦ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

គិតត្រឹមល្ងាច​ថ្ងៃអង្គារនេះ អ្នកឆ្លងជំងឺ ខូវីដ១៩ នៅលើពិភពលោក​កើនដល់ជាង ២៩លាន ៤សែននាក់ (29,449,020)។ ចំណែកអ្នកស្លាប់កើនដល់ជាង​៩៣ម៉ឺន ២ពាន់នាក់(932,801)។

 

 

ក្រសួងសុខាភិបាលថៃរក​ឃើញអ្នកឆ្លងជំងឺខូវីដ១៩​ចំនួ៥នាក់ ដែលជាករណីនាំចូល​។ ក្នុងនោះ បួននាក់ជាជនជាតិថៃ ដែលធ្វើដំណើរពីប្រទេសជប៉ុន ប៉ាគីស្ថាន កាតា និងបារ៉ែន។ ចំណែកអ្នកទីប្រាំជាជនជាតិ​អង់គ្លេស។

 

 

នៅវៀតណាម ក្រសួងសុខាភិបាល​មិនបានរកឃើញអ្នកឆ្លងថ្មី ឬអ្នកស្លាប់ទេនៅក្នុង​រយៈពេល២៤ម៉ោងចុងក្រោយ​។

 

 

នៅប្រទេសចិន ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្​មី៨នាក់​ជាករណីនាំចូល​។ ឥឡូវនេះ អត្រាឆ្លងរាលដាល​នៅខេត្តស៊ីនជាំងមិនមាន​ទេ អស់រយៈពេល​ជាច្រើនថ្ងៃកន្លងមកហើយ ប៉ុន្តែចិនកំពុងបង្កើន​ការប្រុងប្រយ័ត្ននៅតំបន់ជិត​ប្រទេសភូមា​។ អាជ្ញាធរនៅទីក្រុង រូលី (Ruili) នឹងធ្វើ​តេស្តពលរដ្ឋនៅទីក្រុងនេះ​គ្រប់ៗគ្នា បន្ទាប់ពីគេ​រកឃើញអ្នកឆ្លងជំងឺ ខូវីដ១៩ ចំនួន២នាក់ ដែលឆ្លងដែន​ពីប្រទេស ភូមា ដោយខុសច្បាប់​។ នៅប្រទេសភូមា គណបក្សនយោបាយខ្លះបាន​ស្នើសុំពន្យារពេល​បោះឆ្នោត ដោយសារបញ្ហា ខូវីដ១៩ ដែលកំពុងរីករាល​ដាលខ្លាំង​នៅប្រទេស ភូមា​។ បក្សនយោបាយយល់ឃើញថា នៅពេលរដ្ឋាភិបាលដាក់កំហិត​លើការធ្វើដំណើរ​ដើម្បីទប់ស្កាត់ជំងឺនេះ វារំខានដល់ការឃោសនា​រកសំឡេងឆ្នោត ហើយអាច​នឹងធ្វើឲ្យបក្សកាន់​អំណាចមានប្រៀប​ជាង​។ 

នៅកូរ៉េខាងត្បូង ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី១០៦នាក់ និងស្លាប់៤​នាក់​។ រដ្ឋាភិបាលកំពុងត្រៀម​កញ្ចប់ថវិកាជាតិ ដើម្បី​ទិញវ៉ាក់សាំងប្រឆាំង​នឹងជំងឺ ខូវីដ១៩ សម្រាប់ផ្ដល់ជូន​ពលរដ្ឋ៣០លាននាក់ ឬស្មើនឹង៦០%​នៃប្រជាពលរដ្ឋសរុប។

 

 

ខូវីដ១៩ នឹងបង្កផលវិបាកយ៉ាងខ្លាំង​សម្រាប់ទ្វីបអាស៊ី។ នេះបើយោងតាមការស្រាវជ្រាវ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី (ADB)​។ អេឌីប៊ី រកឃើញថា​ឆ្នាំនេះ ទ្វីបអាស៊ីនឹង​ធ្លាក់ចុះសេដ្ឋកិច្ចទាបបំផុត​នៅក្នុងរយៈពេល៦០ឆ្នាំ​ចុងក្រោយនេះ។ រហូតដល់ឆ្នាំ​២០២១ ទើបស្ថានភាព​នេះអាចស្ដារ​ឡើងវិញ និងមានកំណើន​៦,៨%។ ប៉ុន្តែកំណើន​សេដ្ឋកិច្ចអាចនឹង​ល្អប្រសើរឡើងវិញនៅ​ពេលណា គឺវាអាស្រ័យលើជំងឺ ខូវីដ១៩ បញ្ចប់ទៅវិញយូរ ឬឆាប់​។

អគ្គលេខាធិការអង្គការ​សហប្រជាជាតិ ក្នុងឱកាសថ្លែងសុន្ទកថា​ប្រចាំឆ្នាំនាសប្ដាហ៍ក្រោយ លោកចង់អំពាវនាវទៅប្រទេស​ទាំងអស់លើពិភពលោកផ្អាក​ប្រយុទ្ធគ្​នារហូតដល់ចុង​ឆ្នាំ២០២០ ដើម្បីដោះស្រាយបញ្ហា ខូវីដ១៩ ឲ្យបានចប់សព្វគ្រប់​សិន។ រួចហើយ ចាំប្រយុទ្ធគ្នាទៀត​ក៏មិនទាន់ហួសពេលដែរ​៕

 

ប្រែសម្រួល​៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024