ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មឿន អូន នឹងបន្តស្នាដៃសិល្បៈជាស៊េរី ខណៈស្នាដៃបច្ចុប្បន្នកំពុងតាំងបង្ហាញជាសាធារណៈ

១៥ កញ្ញា ២០២០ | កម្សាន្ដ

ខណៈស្នាដៃបច្ចុប្បន្នជាគំនូរសហសម័យបង្ហាញពីសកម្មភាពរបស់មនុស្សចាស់កំពុងតាំងបង្ហាញជាសាធារណៈ លោក មឿន អូន ហៅ ដារ៉ា ជយលាភីកម្មវិធីប្រឡងស្នាដៃសិល្បៈ២០១៩ នឹងបន្តស្នាដៃនេះជាស៊េរីបន្តទៀតក្រោយចប់ការតាំងបង្ហាញលើកនេះ។

 


លោក មឿន អូន ហៅ ដារ៉ា ជយលាភីកម្មវិធីប្រឡងស្នាដៃសិល្បៈ២០១៩ កាលពីពេលថ្មីៗនេះ បានបង្ហាញខ្លួនទន្ទឹមគ្នាជាមួយស្នាដៃគំនូរបែបសហសម័យចំនួន២២ផ្ទាំង ដែលគំនូរទាំងនោះបង្ហាញពីសកម្មភាពរបស់មនុស្សចាស់ និងទម្លាប់ដែលពួកគាត់តែងតែធ្វើដើម្បីចញ្ចឹមបីបាច់ និងផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់។ 

 


ព្រោះរសជាតិជីវិតពីកុមារភាពធ្លាប់រស់នៅជាមួយក្មេងៗ និងសកម្មភាពរបស់មនុស្សចាស់ដែលតែងធ្វើការជុំវិញបរិវេននោះបានជម្រុញឲ្យ ដារ៉ា បង្កើតស្នាដៃនេះឡើង ដោយផ្នែកលើសកម្មភាពជីវិតពិតដែលបានឆ្លងកាត់ហើយឃើញជាក់និងភ្នែក ទុកឆ្លុះបញ្ចាំងឲ្យជំនាន់ក្រោយបានដឹង និងមានការត្រិះរិះពិចារណាថាតើយើងគួរបន្តធ្វើតាមសកម្មភាពចាស់ ឬបង្កើតអ្វីថ្មី?

 


នេះបើតាមការផ្តល់កិច្ចសម្ភាសន៍រវាងជយលាភីកម្មវិធីប្រឡងស្នាដៃសិល្បៈ២០១៩ ជាមួយអ្នកសារពត៌មានភីអិនអិន ក្នុងកម្មវិធីប្រកាសបើកដំណើរការកម្មវិធីប្រឡងស្នាដៃសិល្បៈ២០២០។

 


លោកឲ្យដឹងបន្តថា ស្នាដៃគំនូរជាស៊េរីរមនុស្សចាស់ទាំង២២ផ្ទាំងនេះ កំពុងតាំងបង្ហាញជាសាធារណៈនៅក្រាហ្វបៀរហ្គាឌិន និងភោជនីយដ្ឋាន Hops រយៈពេលពេញមួយខែ កញ្ញា ឆ្នាំ២០២០។


ជាគម្រោងក្រោយបញ្ចប់ការតាំងបង្ហាញនៅទីនេះ លោកនឹងបន្តបង្កើតស្នាដៃសិល្បៈនេះជាស៊េរីបន្តទៀត ពោលគឺប្រដេញពីស្នាដៃជាមនុស្សចាស់ ទៅមនុស្សវ័យកណ្តាល វ័យជំទង់ និងកុមារ ជាដើម។


យ៉ាងណាមិញ ក្រៅពីការបន្តបង្កើតស្នាដៃជាស៊េរី ដារ៉ា មិនទាន់មានគម្រោងរៀបចំពិព័រណ៌ថ្មីទៀតនោះទេ ដោយអះអាងថាពិព័រណ៌អាចកើតឡើងនៅពេលណាក៏បាន ប៉ុន្តែវាអាស្រ័យលើម្ចាស់ស្នាដៃមានគំនិតបង្កើតស្នាដៃថ្មីជាមុនសិន។


តាមរយៈកិច្ចសម្ភាសន៍ដដែរ កម្លោះសម្បុរស្រអែមស្រស់រូបនេះ ក៏បានបង្ហើបពីឲ្យដឹងថា អំឡុងខែ កញ្ញា ឆ្នាំ២០២១ខាងមុខ ដារ៉ា នឹងបញ្ចូនស្នាដៃគំនូរពីរផ្ទាំងទៅប្រទេស បាំរាំង តាមការស្នើរសុំដើម្បីធ្វើការដាក់ដេញថ្លៃ។ ក្នុងចំណោមស្នាដៃទាំងពីរនោះ មួយជាគំនូរប្រភេទស្បែក និងមួយទៀតជាគំនូរ Canvas Painting (ជាប្រភេទគំនូរលើក្រណាត់)។

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ហ៊ុន សុជាតា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024