ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រោយស្ងាប់ស្ងាត់រឿងអាស្រូវ គង់ សុជាតិ និង ជា វិបុល បង្កើនភាពស្និទ្ធស្នាលដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ ! 

១១ កញ្ញា ២០២០ | កម្សាន្ដ

អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានប្រឹងពង្រឹងចំណងអាពាហ៍ពិពាហ៍តាមរយៈបង្កើតភាពស្និទ្ធស្នាលកាន់តែខ្លាំង ក្រោយផ្ទុះរឿងអាស្រូវស្នេហានាពេលកន្លងមក ។ 


ក្រោយផ្ទុះរឿងអាស្រូវស្នេហានាពេលកន្លងទៅ ពាលនេះ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បានខំប្រឹងប្រែងរក្សាទំចំណងអាពាហ៍ពិពាហ៍នឹងគ្នាឡើងវិញ តាមរយៈការចេញទៅដើរកម្សាន្ត ឬទៅធ្វើការនៅតាមខេត្តនានា ដោយអ្នកទាំងពីរបណ្តើរគ្នាយ៉ាងត្រសងប្រៀបដូចលលកញីឈ្មោល  ។

 


កាលពីប៉ុន្មានខែមុនអ្នកនាង គង់ សុជាតិ បានធ្លាក់ខ្លួនឈឺរហូតដល់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីស្វាមីរបស់ខ្លួនមានរឿងអាស្រូវស្នេហាជាមួយពិធីការិនីរួមកម្មវិធីជាមួយគ្នា ដែលធ្វើឱ្យមានការរង្គោះរង្គើរពេញពិភពសិល្បៈ តែក្រោយពីសម្របសម្រួលគ្នា អ្នកនាង និង លោក ជា វិបុល ជាស្វាមី បានត្រូវរូវគ្នាវិញហើយ ហើយអ្នកនាង គង់ សុជាតិ ក៏បានរង្ងាប់អារម្មណ៍ចំពោះរឿងនេះផងដែរ ។ 


ជួបជាមួយអ្នកនាង គង់ សុជាតិ ក្នុងកម្មវិធីខួប ១៤ ឆ្នាំ នៃការបើកហាង វីហ្រ្វេន នាពេលកន្លងមកនេះ យើងចាប់អារម្មណ៍ឃើញថា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ពិតជាស្រឡាញ់ និងស្និទ្ធស្នាល និងគ្នាខ្លាំងណាស់ អ្នកទាំងពីរបានបណ្តើរគ្នាត្រសងរួមជាមួយកូនស្រីបណ្តូលចិត្ត ទៅចូលរួមកម្មវិធី  ទាំងទឹកមុខរីករាយ ។ 

 


អ្នកនាង គង់ សុជាតិ និង លោកជា វិបុល បាននិយាយថា ពេលនេះការងារអ្នកទាំងពីរចាប់ផ្តើមមានបណ្តើរៗឡើងវិញហើយ ក្រោយពីផ្អាកមួយរយដោយសារជំងឺ កួវីដ ១៩ ។ មិនថាទៅកម្មវិធីតាមខេត្ត អ្នកទាំងពីរ តែងតែទៅជាមួយគ្នា ។


កន្លងមកអ្នកនាង គង់ សុជាតិ ធ្លាប់បានប្រាប់ទូរទស្សន៍ ភីអិនអិន ថា អ្នកនាងមានបំណងនឹងយកូនប្រុសម្នាក់បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខ ដើម្បីសមតាមបំណងគ្រួសារ ប៉ុន្តែជួបជាមួយអ្នកនាង លើកនេះ អ្នកនាងបែរជាពោលពាក្យថា រឿងយកកូនបងលែងគិតហើយ ណាមួយបងចាស់និងមានអាយុច្រើនផង ។ 


តាមរយៈពាក្យសម្តីមួយឃ្លារបស់អ្នកនាង គង់ សុជាតិ ខាងលើនេះហាក់ដូចជាបង្កប់ទៅដោយអត្ថន័យជ្រៅ តែទោះជាយ៉ាងណាក្តី អ្នកគាំទ្រជាច្រើន ព្រមទាំងមិត្តភក្តិ បានជូនពរគ្រួសារអ្នកនាង ជួបតែសុភមង្គល ៕  

 

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024