ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងសមាជិកដទៃទៀតនៃ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ RCEP មានកំណើនយ៉ាងឆាប់រហ័ស ចាប់ពីខែមករា ដល់ខែមីនា រង្វង់ ២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។
ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយសមាជិក RCEP ផ្សេងទៀត បានកើនឡើង ២% ដល់ប្រហែល ៤២៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ ២០២៤។ជាក់ស្តែង ការនាំចេញរបស់ប្រទេសចិន ទៅកាន់សមាជិក RCEP ផ្សេងទៀត បានកើនឡើង ២% ដល់ ២២១ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ ប្រទេសចិន បាននាំចូលផលិតផលដែលមានតម្លៃប្រហែល ២០៤ពាន់លានដុល្លារអាមេរិកពីសមាជិក RCEP ផ្សេងទៀត កើនឡើង ៣%។នៅក្នុងត្រីមាសទី ១ សហគ្រាសពាណិជ្ជកម្មបរទេសសរុបចំនួន ៤ពាន់ របស់ប្រទេសចិន ទទួលបានការអនុគ្រោះពន្ធប្រហែល ៣ពាន់ ៤រយលានដុល្លារអាមេរិក នៃការនាំចូលអនុគ្រោះក្រោម RCEP និង ប្រហែល ៩២លានដុល្លារ នៃសម្បទានពន្ធ។
នៅក្នុងលក្ខខណ្ឌនៃការនាំចេញ សហគ្រាសនាំចេញចំនួន ១ម៉ឺន ៨ពាន់ បានដាក់ពាក្យសុំវិញ្ញាបនបត្រ RCEP នៃប្រភពដើមទំនិញដែលពាក់ព័ន្ធនឹងទំនិញ មានតម្លៃជាង ៨ពាន់ ៨រយលានដុល្លារអាមេរិក កើនឡើង ២%។
សូមជម្រាបថា RCEP ចូលជាធរមាននៅឆ្នាំ២០២២ រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមានប្រទេសសមាជិកអាស៊ានចំនួន ១០ ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួន ៥ របស់ពួកគេគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ