ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ប្រាក់រៀលខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅព្រលានយន្តហោះតូក្យូប្រទេសជប៉ុន

១៩ មេសា ២០២៤ | សេដ្ឋកិច្ច

 

ប្រាក់រៀលខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។

 

 

 

វត្តមាននៃប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជាឱ្យមានកន្លែងប្ដូរយកប្រាក់រៀលបានដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។

 

 

 

សំខាន់ជាងនេះទៀត វត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជា នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀល អាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀល កាន់តែទូលំទូលាយកម្រិតពិភពលោក។នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សា ស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

 

 


គួរបញ្ជាក់ថា នេះជាលើកទីពីរហើយដែលធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Travelex ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅបញ្ជរក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។ នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក៕

 

 


ក្រុមហ៊ុន Travelex ជាក្រុមហ៊ុនប្តូរប្រាក់ធំលំដាប់អន្តរជាតិបានបង្កើតនៅឆ្នាំ១៩៧៦ មានការិយាល័យកណ្តាល នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ បច្ចុប្បន្នក្រុមហ៊ុន Travelex មានទីតាំងអាជីវកម្មនៅប្រទេសចំនួន២០ និងមាន បញ្ជរប្តូរប្រាក់ចំនួន ១.១០០ កន្លែងនៅក្នុងអាកាសយនដ្ឋានអន្តរជាតិធំៗ ផ្សារទំនើប និងអគារពាណិជ្ជកម្មល្បីៗជាច្រើនកន្លែងលើពិភពលោក៕


 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024