ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ស្ត្រីជនជាតិភាគតិច៤នាក់មានបំណងឡើងលើភ្នំអេវើរ៉េសក្នុងឯកសណ្ឋានសម័យបុរាណនៅបូលីវី

ស្ត្រីជនជាតិដើមភាគតិចចំនួន៤នាក់នៅប្រទេសបូលីវីដែលបានឆ្លងកាត់បទពិសោធឡើងភ្នំទឹកកកដ៏លំបាក និងចោតមួយចំនួននៅតំបន់អាមេរិកឡាទីនឥឡូវនេះពួកគេកំពុងមានបំណង ឬក្ដីសុបិនចង់សាកល្បងឡើងភ្នំអេវឺរេសនៅថ្ងៃណាមួយដោយស្លៀកសំពត់ផ្កាប៉ូលរ៉ាតាមប្រពៃណីរបស់ពួកគេ។

 

 

 

 

ស្ត្រីម្នាក់ឈ្មោះ Julia Quispe Tincuta បានរំលឹកពីគ្រាដំបូងដែលគាត់បានឡើងដល់កំពូលភ្នំ Huayna Potosi នៅប្រទេសបូលីវី ជាកន្លែងដែលគាត់ និងស្ត្រីជនជាតិដើមភាគតិច Aymara ផ្សេងទៀតបានធ្វើការចម្អិនអាហារ ឬយកឧបករណ៍ជាច្រើនសម្រាប់អ្នកឡើងភ្នំផ្សេងទៀតដើម្បីទៅដល់ជំរំមូលដ្ឋាន។

 


ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីឆូលីតា (cholita) ភ្ជាប់ដោយសំពត់ពណ៌ក្រហមរយីងរយោង និងដាក់របស់របរនៅក្នុងភួយចម្រុះពណ៌នោះ ស្ត្រីវ័យ៤០ឆ្នាំរូបនេះបាននិយាយនៅពេលឡើងលើភ្នំកម្ពស់ជាង៦ពាន់ម៉ែត្រនេះថា នៅពេលគាត់ទៅដល់កំពូល គាត់មានអារម្មណ៍ថាហាក់ដូចជាកំពុងស្ថិតនៅលើអាកាស ឬដូចជានៅលើមេឃអ៊ីចឹង។

 


ស្ត្រីដ៏ក្លាហាននិងរឹងមាំទាំងនេះបាននិយាយថា ពួកគេធ្លាប់បានឡើងលើភ្នំអេខុនសាហ្គូ (Aconcagua) របស់ប្រទេសអាហ្សង់ទីន ដែលជាភ្នំខ្ពស់បំផុតនៅតំបន់អាមេរិកឡាទីនរហូតដល់កម្ពស់ជិត៧ពាន់ម៉ែត្រ និងភ្នំភ្លើងឌែលសាឡាដូ (del Salado) ដែលខ្ពស់បំផុតនៅក្នុងពិភពលោកនៅជាប់ព្រំដែនរវាងប្រទេសស៊ីលី និងអាហ្សង់ទីន។

 

 

 

 


ឥឡូវនេះស្ត្រីក្លាហានទាំងនេះកំពុងហ្វឹកហាត់ឡើងភ្នំខ្ពស់ៗ និងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បី ឡើងដល់កំពូលភ្នំដ៏ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកគឺភ្នំ Everest ខណៈដែលពួកគាត់កំពុងស្វែងរកការឡើងភ្នំជាប្រវត្តិសាស្ត្រនេះសម្រាប់ការស្រឡាញ់ការឡើងភ្នំ និងក្លាយជាស្ត្រីបូលីវីដំបូងគេដែលបានបំបែកកំណត់ត្រាពិភពលោកក្នុងការឡើងទៅដល់កំពូលភ្នំអេវឺរេស៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024