ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤
ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយថា មនុស្សយ៉ាងតិច ៤៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍រថយន្តក្រុងបើកធ្លាក់ពីលើស្ពានចូលក្នុងជ្រលងភ្នំ។
ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាហ្រ្វិកខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការធ្លាក់រថយន្តក្រុងនៅជិតតំបន់មួយនៅក្នុងខេត្តលីមផូផូនៅភាគខាងជើងប្រទេសនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៤៥ នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។
ក្រសួងនេះបានចោទថា អ្នកបើកបរបានបាត់បង់ម្ចាស់ការ ហើយបានបុករបាំងថ្មលើស្ពានបណ្តាលឱ្យឡានក្រុងនេះធ្លាក់ពីលើស្ពានចូលទៅក្នុងជ្រលងភ្នំតែម្ដង។ ក្រសួងនេះបានបន្ថែមថា រថយន្តក្រុងដឹកអ្នកដំណើរនេះបានដឹកមនុស្សចេញពីប្រទេសបុតស្វាណាឆ្ពោះទៅកាន់ទីក្រុងម៉ូរៀរបស់ខេត្តលីមផូផូ។
នាយកដ្ឋានដឹកជញ្ជូននៅខេត្តលីមផូផូបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍ ខណៈដែលសាកសពមួយចំនួនត្រូវបានឆេះខ្លោចមើលលែងស្គាល់អត្តសញ្ញាណ ហើយអ្នកខ្លះទៀតបានជាប់នៅក្នុងកម្ទេចកម្ទី និងរាយប៉ាយនៅកន្លែងកើតហេតុនោះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន