ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មេដឹកនាំអ៊ីស្រាអែលប្រាប់ក្រុមហាម៉ាសថា អ៊ីស្រាអែលមិនខ្លាចការដាក់សម្ពាធពីអន្តរជាតិនោះទេ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមហាម៉ាសកាលពីថ្ងៃពុធថា អ៊ីស្រាអែលគ្មានកោតខ្លាចចំពោះការដាក់សម្ពាធពីអន្តរជាតិឱ្យបញ្ឈប់សង្គ្រាមនៅហ្កាហ្សាឡើយ។

 

 

 

 

លោក នេតាន់យ៉ាហ៊ូ បាននិយាយថា ការលុបចោលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះគឺចង់បង្ហាញក្រុមហាម៉ាសឱ្យច្បាស់ថា អ៊ីស្រាអែលនឹងមិនចុះញ៉មចំពោះសម្ពាធអន្តរជាតិចេះតែកើនឡើងដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សានោះទេ។

 

មេដឹកនាំអ៊ីស្រាអែលរូបនេះបានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកដែលបានទៅសួរសុខទុក្ខលោកថា វាជាសារដំបូង និងសំខាន់បំផុតទៅកាន់ក្រុមហាម៉ាសថា ចូរកុំពឹងទៅលើសម្ពាធអន្តរជាតិនេះខ្លាំងពេកព្រោះវានឹងគ្មានប្រសិទ្ធភាពទេសម្រាប់អ៊ីស្រាអែល។

 

ថ្មីៗនេះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយក្រោយពីសហរដ្ឋអាមេរិកមិនបានប្រើសិទ្ធិវ៉េតូប្រឆាំងនឹងសេចក្ដីសម្រេចស្ដីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សានៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិកាលពីថ្ងៃអង្គារ។

 

សហរដ្ឋអាមេរិកមិនបានបោះឆ្នោតគាំទ្រឬប្រឆាំងនឹងសេចក្ដីសម្រេចនេះទេដោយធ្វើឱ្យអ៊ីស្រាអែលអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះទង្វើនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក យ៉ូវ ហ្កាឡេន (Yoav Gallant) បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារនោះដែរថា លោកបានជួបជជែកជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកអំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែល និងការរក្សាបាននូវគុណសម្បត្តិយោធាប្រកបដោយគុណភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់រួមទាំងសមត្ថភាពផ្លូវអាកាសរបស់ខ្លួនផងដែរ៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024