ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិកមានគោលដៅលើហិរញ្ញវត្ថុយោធាកូរ៉េខាងជើង

 

 


សហរដ្ឋអាមេរិកនៅថ្ងៃពុធ(២៧មីនា) បានប្រកាសទណ្ឌកម្មលើបុគ្គល៦រូប ហើយនិងក្រុមហ៊ុនចំនួន២ មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ប្រទេសចិន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយបានចោទប្រកាន់បុគ្គលនិងក្រុមហ៊ុនទាំងអស់នោះថាបញ្ជួនមូលនិធិទៅក្នុងកម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង។

 

ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចគ្នានឹងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៤រូបក្នុងចំណោមបុគ្គលទាំង៦រូបដែលអាមេរិកដាក់ទណ្ឌកម្មនោះនិងក្រុមហ៊ុនទាំង២។ 

 

សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរ។

 

បុគ្គលទាំង៦រូបមាន Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho ហើយនិងJon Yon Gun។

 

ចំណែកក្រុមហ៊ុនទាំង២ដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដាក់ទណ្ឌកម្មមានក្រុមហ៊ុន Alis LLC មានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងក្រុមហ៊ុនPioneer Bencont Star Real Estate មានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

 

សេចក្តីថ្លែងការណ៍ឱ្យដឹងថា ក្រុមហ៊ុនទាំងពីរ ស្ថិតនៅក្រោមក្រុមហ៊ុនព​ត៌​មាន​វិទ្យាChinyong ដែលជាអង្គភាពពាក់ព័ន្ធជាមួយយោធាកូរ៉េខាងជើង។ 

 

សេចក្តីប្រកាសពីទណ្ឌកម្មធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍នេះ បានចាប់ផ្តើមក្រុមការងារថ្មីមួយរារាំងកូរ៉េខាងជើងមិនឱ្យទទួលបានប្រេងខុសច្បាប់។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024