ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

អគ្គលេខាធិការ E Sports មើលឃើញកត់សម្គាល់ចំណុចមួយពីការប្រកួត PES លើកទី៣

២២ កក្កដា ២០២០ | កីឡា

កីឡាករគ្រប់រូបដែលបានចូលរួមព្រឹត្តិការណ៍ EFC CAFE PES 2020 កាលថ្ងៃសៅរ៍ ទី១៨ និងថ្ងៃអាទិត្យ ទី១៩ ខែកក្កដា កន្លងទៅបានបង្ហាញភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញទម្រាំឈានទៅរកបានម្ចាស់ជើងឯកប្រចាំឆ្នាំនេះ។ នេះបើតាមការមើលឃើញពីលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

 


ក្នុងការប្រកួតប្រចាំឆ្នាំ២០២០នេះ លោក លន់ សាមឌី ឲ្យដឹងថា មានការចុះឈ្មោះចូលរួមប្រកួត១៥០នាក់ ហើយសុទ្ធតែអ្នកមានសមត្ថភាពខ្ពស់ ជាពិសេសការប្រកួតចាប់ពីវគ្គ១៦នាក់ចុងក្រោយ កាន់តែស្វិតស្វាញខ្លាំង ហើយដល់វគ្គផ្ដាច់ព្រ័ត្រលទ្ធផលក៏កាន់តែផុតផើយថែមទៀត។ ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា ការប្រកួតប្រជែងដ៏ខ្លាំងក្លានេះបង្ហាញឲ្យឃើញពីសមត្ថភាពរបស់កីឡាករកម្ពុជាថា មិនចាញ់បរទេសប៉ុន្មានទេ។

 

 
លោក លន់ សាមឌី ក៏បានបន្ថែមដែរថា ព្រឹត្តិការណ៍ EFC CAFE PES 2020 ធ្វើឡើងដោយសារវិញ្ញាសានេះមានប្រជាប្រិយភាពខ្លាំង ដូច្នេះការប្រកួតអាចជួយសម្រួចសមត្ថភាពកីឡាករនៅកម្ពុជា និងចម្រាញ់យកបេក្ខជនឆ្នើមៗត្រៀមចូលរួមប្រជែងឆាកអន្តរជាតិនៅពេលជំងឺកូវីដ១៩សាបរលាបទៅ។

 


គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារៀបចំការប្រកួត PES ចាប់តាំងពីឆ្នាំ២០១៩មកដោយសហការជាមួយមជ្ឈមណ្ឌល MCT E Sport និង EFC CAFE។ សម្រាប់ការប្រកួតចុងសប្ដាហ៍កន្លងទៅនេះ តំណែងជើងឯកបានទៅលើកីឡាករ ភិន ប៉ូលីដែត, លេខពីរបានទៅលើ ទឹម វង្សរ៉ាវុធ និងលេខ៣បានទៅ វ៉ាញ សុបញ្ញា។ ចំណែកប្រាក់រង្វាន់វិញ លេខមួយទទួលបាន២លានរៀល, លេខពីរបាន៨សែនរៀល និងលេខមួយទទួលបាន៤០ម៉ឺនរៀល៕

អត្ថបទ និងរូបភាព៖ សុវណ្ណ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024