ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ថ្នាក់ដឹកនាំ E-Sports ជាតិបង្ហើបបញ្ហាប្រឈមបំផុតមួយ

២០ កក្កដា ២០២០ | កីឡា

កង្វះខាតថវិកា គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលត្រូវការការឧបត្ថម្ភបន្ថែមទៀតពីស្ថាប័នរដ្ឋ និងឯកជនដើម្បីមានលទ្ធភាពរៀបចំកម្មវិធីនានាក្នុងគោលបំណងពង្រឹងធនធានកីឡាករកាន់តែច្រើន។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាកីឡាអេឡិចត្រូនិកកម្ពុជា។

 


ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា E-Sports ត្រូវការចំណាយច្រើនទាំងលើការបណ្ដុះធនធានមនុស្ស និងគ្រូបង្ហាត់ ជាដើម ខណៈបច្ចុប្បន្នសហព័ន្ធក៏បានចេញផែនការអភិវឌ្ឍន៍កាន់តែច្រើន ដូចជាក្របខណ្ឌប្រកួតនានា ដើម្បីពង្រឹងខ្លួនឆ្ពោះទៅស៊ីហ្គេម២០២៣។

 


«សហព័ន្ធនៅត្រូវការការឧបត្ថម្ភពីវិស័យរដ្ឋ និងឯកជន ព្រោះត្រូវការបណ្ដុះបណ្ដាលធនធានច្រើន ដូចជាកីឡាករ គ្រូអ៊ីចឹង។ យើងធ្វើយ៉ាងណាបង្កើតការប្រកួតឲ្យបានច្រើន លីគឲ្យបានច្រើន ព្រោះយើងកំពុងត្រៀមខ្លួនសម្រាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣។ នៅស៊ីហ្គេមយ៉ាងហោចមានវិញ្ញាសា៣ គឺ PC, Console និង mobile។ ឥឡូវផុសផុលតែលើ mobile អ៊ីចឹងហើយបានជាយើងត្រូវការអភិវឌ្ឍខ្លួនបន្ថែមទៀត»។

 


ជាចុងក្រោយ តាងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោក លន់ សាមឌី បានអំពាវនាវសាធារណជនចូលរួមគាំទ្រ និងឲ្យតម្លៃ E-Sports ចៀសវៀងយល់ច្រលំថា ជាប្រភេទកីឡាមិនល្អ។ លោកថា ការលេង E Sports អាចជួយឲ្យយុវជនចៀសឆ្ងាយពីអំពើអបាយមុខនានាក្នុងសង្គម៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024