ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រុម Team Up ឈ្នះជើងឯក ROS KH Cup S2 រដូវកាលទី៣

១០ សីហា ២០២០ | កីឡា

ឆ្លងកាត់ការប្រកួតជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រយ៉ាងស្វិតស្វាញ ក្រុម Team Up បានក្លាយជាម្ចាស់ជើងឯកការប្រកួត ROS KH Cup S2 ឬ Rule of Survivor រដូវកាលទី៣ កាលថ្ងៃសៅរ៍ ទី០៨ ខែសីហា ដែលរៀបចំឡើងដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយ NetEase។

 


មុនចូលដល់វគ្គដណ្ដើមជើងឯកនេះ សហព័ន្ធ E-Sports ជាតិបានបើកឲ្យចុះឈ្មោះលើអនឡាញ តាមរយៈទំព័រ Facebook របស់សហព័ន្ធពីថ្ងៃទី ០៦ ខែមិថុនា ដល់០៣ ខែកក្កដា ដោយទទួលបានជាង ៨០០ ក្រុមចូលរួមប្រកួតប្រជែង។


ការប្រកួតជម្រុះធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានក្រុមបច្ចេកទេសសហព័ន្ធត្រួតពិនិត្យ ពីថ្ងៃទី០៤ ដល់ ១៩ ខែកក្កដា ដើម្បីស្វែងរក ៥០ក្រុមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយជាមួយគ្នានេះ ក៏មាន១០ក្រុមទទួលបាន Invite-Cards សរុប ៦០ក្រុម ចែកជា ៣ ពូល គឺ A B និង C។

 


ការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្របានធ្វើឡើងនៅថ្ងៃទី០១ ខែសីហា និងរកបាន ១៨ ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រប្រជែងជើងឯកប្រចាំឆ្នាំ២០២០។


លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បញ្ជាក់ថា ការប្រកួត ROS KH Cup S2 ឬ Rule of Survivor នេះធ្វើឡើងបំណងលើកកម្ពស់គុណភាពកីឡាករកម្ពុជា ត្រៀមចូលរួមព្រឹត្តិការណ៍នានាលើកឆាកអន្តរជាតិ។ លោកឃើញថា ការប្រកួតរដូវកាលទី៣នេះកាន់តែមានសន្ទុះជាងឆ្នាំមុនៗ ជាពិសេសក្រុមជើងឯក Team Up ដែលកើនសមត្ថភាពរហូតអាចក្រសោបបានតំណែងជើងឯក។

 


ចំពោះប្រាក់រង្វាន់វិញ ក្រុមជើងឯក Team Up ទទួលបាន២០លានរៀល, ក្រុមលេខពីរ WRX Cambodia បាន៨លានរៀល និងក្រុមលេខ៣ Vipers វិលទៅផ្ទះវិញអមដោយកញ្ចប់ថវិកា៥លានរៀល៕

អត្ថបទ និងរូបភាព៖ សុវណ្ណ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024