ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ឃីម ហ្សានីត វិលមកសាងស្នាដៃឡើងវិញក្រោយពេលរៀបការរួច! 

០៩ កក្កដា ២០២០ | កម្សាន្ដ

អតីតបុរសឯកអន្តរជាតិ Mister United Contenent 2016 លោក ឃីម ហ្សានីត បានបោះបង់អាជីពសិល្បៈចោលមួយរយៈក្រោយពីទៅហ្វឹតហាត់ជំនាញប៉ូលីសជិតមួយឆ្នាំ ពេលនេះលោកកំពុងលេចមុខក្នុងការថតភាពយន្តឡើងវិញ បើទោះបីជាលោកមានភរិយានិងកូនស្រីម្នាក់រួចក្តី តែលោកនៅស្ថិតក្នុងតំណែងតួឯកដដែល ។

 

 

ថ្វីត្បិតតែបុរសសង្ហារ ឃីម ហ្សានីត ស្រឡាញ់សិល្បៈ តែដើម្បីតួនាទីនិងការងារលោកសម្រេចចិត្តផ្អាក ពីសិល្បៈមួយរយៈចូលហាត់ជំនាញប៉ូលីស ។ ទោះបីជាខានជួបជាមួយបុរសសង្ហាររូបនេះមួយរយៈពេលក្តី តែលោកនៅតែមានរូបរាងស្រស់សង្ហារដូចដើម ជាក់ស្តែងជួបជាមួយលោក ឃីម ហ្សានីត កាលពីពេលថ្មីៗនេះលោកមិនត្រឹមតែមានមុខមាត់ស្រស់ស្អាត និងក្មេងវ័យនោះទេ សូម្បីតែរូបរាងលោកក៏សង្ហារជាងពេលមុនដែរ រហូតធ្វើឱ្យមិត្តភក្តិដែលថតរឿងជាមួយគ្នាលាន់មាត់សរសើរមិនដាច់ពីមាត់ ។

 

អតីតបុរសឯករូបនេះបានរៀបរាប់ប្រាប់ថា ក្នុងអំឡុងពេលហាត់រៀនជំនាញប៉ូលីស តម្រូវឱ្យលោក ហាត់ពត់លុតដុំខ្លួនច្រើន ដូច្នេះហើយទើបធ្វើឱ្យលោកស្រកគីឡូ ឃើញរូបរាងខ្លួនស្គមជាងមុនបែបនេះ ។ បច្ចុប្បន្ន លោក ឃីម ហ្សានីត មានឈ្មោះនៅក្នុងក្របខ័ណ្ឌប៉ូលីសទៅតាមអ្វីដែលខ្លួនប្រាថ្នាហើយ ក្រោយពីខំប្រឹងអស់ពេលជិតមួយឆ្នាំ ដោយលោកមានតំណែងមួយនៅទីនោះផងដែរ ។

 

 

ទោះបីជាមានឈ្មោះក្នុងក្របខ័ណ្ឌប៉ូលីសតាមក្តីស្រមៃរបស់ខ្លួន តែបុរសសង្ហាររូបនេះមិនបានបោះបង់អាជីពសិល្បៈចោលឡើយ លោកបានប្រកាសវិលត្រឡប់មកកាន់វិស័យសិល្បៈឡើងវិញដើម្បីកសាងកេរ្តិ័ឈ្មោះខ្លួនឱ្យល្បីល្បាញ ។ ពេលនេះលោក ឃីម ហ្សានីត កំពុងថតរឿងថ្មីចំនួន ៤ រឿងជាប់ៗគ្នាទាំងរឿងដុំ ក៏ដូចជារឿងភាគសម្រាប់ដាក់បញ្ចាំងនៅលើទូរទស្សន៍ ។ 

 


 លោក ឃីម ហ្សានីត រំពឹងថាការវិលត្រឡប់របស់ខ្លួនមកកាន់វិថីសិល្បៈវិញនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ជាក់ស្តែងក្នុងរឿង « ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » ដែលកំពុងថតនេះត្រៀមនឹងដាក់បញ្ចាំងនៅទូរទស្សន៍ ភីអិនអិន ក្នុងពេលឆាប់ៗខាងមុខ ៕


អត្ថបទ ៖ ម៉ា រីសា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024