ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា បញ្ចប់ការធ្វើកំណាយ នៅប្រាសាទលលៃ និងបានប្រទះឃើញអាថ៌កំបាំងដ៏អស្ចារ្យ

០៩ មិថុនា ២០២០ | ព័ត៌មានជាតិ

គម្រោងធ្វើកំណាយប្រាសាទលលៃ ត្រូវបានក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បញ្ចប់នៅដំណាក់កាលទី១ហើយ។ លទ្ធផលនៃការធ្វើកំណាយនេះ ក្រុមអ្នកជំនាញបានប្រទះឃើញអាថ៌កំបាំងដ៏អស្ចារ្យ នៃរចនាសម្ព័ន្ធសំណង់បុរាណជាច្រើន។


អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការធ្វើកំណាយប្រាសាទលលៃនេះ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងគោលបំណងលើកតម្លៃប្រាសាទបុរាណនេះឡើងវិញ ក៍ដូចជាធ្វើការរៀបចំឡើងវិញនូវប្រាសាទនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈដែលបច្ចុប្បន្នប្រាសាទនេះមានតែតួប៉មប្រាសាទប៉ុណ្ណោះ។

 


បើតាមអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញបានបញ្ចប់ការធ្វើកំណាយដំណាក់កាលទី១ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅនេះ។ ជាលទ្ធផលនៃការធ្វើកំណាយ បានប្រទះឃើញអាថ៌កំបាំងដ៏អស្ចារ្យ នៃរចនាសម្ព័ន្ធសំណង់បុរាណជាច្រើនដូចជា ខ្លោងទ្វារចូល កម្រាលឥដ្ឋ កុលាលភាជន៍ និងជញ្ជាំងកំពែងនៅខាងក្រោមសាលាឆាន់ និងកុដ្ឋព្រះសង្ឃ ស្ថិតនៅនៅវត្តលលៃ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលបានកសាងពីលើតាំងពីសម័យអាណានិគមបារាំងមកម្លេះ។

 


ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការកប់រចនាសម្ព័ន្ធប្រាសាទនៅក្នុងដីនេះ ប្រហែលបណ្តាលមកពីការសង់អារាមនៅសម័យអាណានិគមបារាំង ហើយនឹងសម័យក្រោយៗទៀត ព្រោះមានដីលុបពីលើសំណង់បុរាណបាត់អស់ ទើបអ្នកជំនាន់ក្រោយបន្តអភិវឌ្ឍន៍សំណង់បន្តទៀតលើបុរាណដ្ឋានមួយនេះ។ តែយ៉ាងណា អ្នកបុរាណវិទ្យាបានអះអាងថា ការអភិវឌ្ឍសំណង់នៅសម័យបារាំង ពុំបានធ្វើឲ្យសំណង់បុរាណក្រោមដីនេះរងការបំផ្លាញច្រើននោះទេ។

 


សូមជម្រាបថា ប្រាសាទលលៃ ត្រូវបានកសាងឡើងនៅឆ្នាំ៨៩៣នៃគ្រិះសរាជ ប៉ុន្ដែ បានរងការខូចខាតដោយសារមនុស្ស និងកត្តាធម្មជាតិ ជាពិសេសការសាងសង់ព្រះវិហារ កុដ្ឋ សាលាឆាន់ របស់ព្រះសង្ឃនៅវត្ដលលៃ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាបនេះតែម្តង។ បច្ចុប្បន្ន ប្រាសាទនេះត្រូវបានអាជ្ញាធរអប្សរាជួសជុលតួប៉មផ្នែកខាងក្នុងនិងខាងក្រៅ គ្រឹះប្រាសាទពុកផុយ ស្នាមប្រេះ និងឥដ្ឋខ្លះដែលខូចគុណភាព បានរួចរាល់ស្ទើរគ្រប់ផ្នែកឡើងវិញហើយ៕


អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024