ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រាជធានីភ្នំពេញ ចាប់បើកយុទ្ធានាការចាក់វ៉ាក់សាំង ដូសទី៤ ជូនពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង 

២២ មករា ២០២២ | ព័ត៌មានជាតិ

 

ក្រោយពីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ កាលពីសប្តាហ៍មុន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដំណើរការចាក់ដូសទី៤ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់ដូសទី៣រួច និងមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់ដូសទី៣។ 

 

 

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ អោយរួសរាន់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ដើម្បីធានាឱ្យបាននូវភាពស៊ាំសហគមន៍សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ខណៈដែលអាជ្ញាធរបានរៀបចំទីតាំងចំនួន៥២កន្លែង រួមមាន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្ត និងរោងចក្រជាដើម សម្រាប់ដំណើរការេការងារចាក់វ៉ាក់សាំង។

 

 

ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏ក្រើនរំលឹក និងអំពាវនាវដល់អ្នកដែលអញ្ជើញ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស តម្រង់ជួរ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវ វិធានការ " ៣កុំ និង៣ការពារ” ផងដែរ។

 

 

គួររម្លឹកថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់អោយអ្នកមកចាក់វ៉ាក់សាំងត្រូវភ្ជាប់មកជាមួយឯកសារចាំបាច់មួយចំនួន រួមមាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ និងមានគម្លាតរយៈពេល០៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់ដូសទី៣។

 

បន្ទាប់ពីចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ កាលពីថ្ងៃទី១៤ ខែមករា និងចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅថ្ងៃទី២១ ខែមករានេះ តាមផែនការដែលបានគ្រោងទុកចាប់ពីថ្ងៃទី០១ ខែកុម្ភៈ នឹងបើកចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ។តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតតឹ្រមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា នៅទូទាំងប្រទេសមានអ្នកចាក់ដូសទី៤ បានជាង២០ម៉ឺននាក់៕

 

 

អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024