ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ផ្ដល់អាហារូបករណ៍ លើកទី២ ដល់សិស្សនិស្សិតកម្ពុជាចំនួន ២០០នាក់

១៩ មករា ២០២២ | ព័ត៌មានជាតិ


ឯកឧត្ដម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ វិទ្យាស្ថាននឹងបន្ដផ្ដល់អាហារូបករណ៍លើកទី២ដល់សិស្សនិស្សិតកម្ពុជាចំនួន ២០០នាក់ តាមរយៈការប្រឡងជ្រើសរើស។  ដោយក្នុងនោះ និស្សិតឆ្នើម ៥០នាក់ នឹងទទួលបានអាហារូបករណ៍ ១០០ភាគរយ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ និងនិស្សិតជានារីនឹងទទួលបានការលើកទឹកចិត្ត ដោយផ្តល់អាហារូបករណ៍ ៥០ភាគរយ សម្រាប់ការសិក្សា រយៈពេល ៤ឆ្នាំផងដែរ។

 

 

ការលើកឡើងរបស់ឯកឧត្ដមដូចនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសបើកដំណើរការគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្រ្ដថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា -ឡាវ -វៀតណាម នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។

 

 

ប្រសាសន៍ ឯកឧត្ដម ហឿន សំនៀង ៖«ចាប់ពីថ្ងៃនេះតែម្ដង គឺយើងចាប់ផ្ដើមបើកទទួលពាក្យដើម្បីឱ្យក្មួយៗទើបចប់ទី១២ ហើយបេក្ខជនទើបប្រកាសលទ្ធផលថ្មីៗនេះ មានលទ្ធភាពដើម្បីមកដាក់ពាក្យប្រលងចូលរៀនព្រោះ វិទ្យាស្ថានរបស់យើង ទាល់តែដាក់ពាក្យប្រលងហើយប្រលង ជាប់បានយើងអនុញ្ញាតឱ្យចូលរៀន។ ហើយនៅក្នុងឆ្នាំនេះ គឺយើងរើសនិស្សិតជំនាន់ទី២ ចំនួន ២០០នាក់ ដដែល ហើយក្នុងចំណោម ២០០នាក់នេះ ជាគោលការណ៍ពីឯកឧត្ដមទេសរដ្ឋមន្រ្ដីគឺផ្ដល់ជូនអាហារូបករណ៍ ១០០ភាគរយសម្រាប់និស្សិត៥០នាក់ដំបូង ដែលមានពិន្ទុខ្ពស់ជាងគេ បានន័យថា ក្នុងចំណោ ម២០០នាក់ គឺនិស្សិត ៥០នាក់ ដែលមានពិន្ទុខ្ពស់ជាងគេ គឺបានទទួលអាហារូបករណ៍ ១០០ ភាគរយ។ ទីពីរ សម្រាប់និស្សិតជាស្រ្ដី ទោះបីនៅក្នុងលំដាប់ពិន្ទុ ប៉ុន្មានក៏ដោយ គឺក្រោយពីនៅក្នុងចំណោម ៥០នាក់ដំបូង នឹងទទួលបានអាហារូបករណ៍ ៥០ភាគរយ»។

 

 

តាមការបញ្ជាក់បន្ថែមពីឯកឧត្ដម ហឿន សំនៀង វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ជំនាញបណ្តុះបណ្តាល លើកម្រិតបរិញ្ញាបត្រចំនួន ៦ ដែលក្នុងនោះរួមមាន ៖ បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ+១ (វិស្វករ) សិក្សារយៈពេល ៥ឆ្នាំ បរិញ្ញាបត្រ ដឹកជញ្ជូនផ្លូវគោក សិក្សារយៈពេល ៤ឆ្នាំ បរិញ្ញាបត្រភស្តុភារកម្ម សិក្សារយៈពេល ៤ឆ្នាំ និងបរិញ្ញាបត្រនាវាចរសិក្សារយៈពេល ៤ឆ្នាំ។


កម្រិតបរិញ្ញាបត្រ+១ សិក្សាលើជំនាញវិស្វករសំណង់សាធារណការ មានឯកទេសសំណង់ផ្លូវគោក ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក កំពង់ផែ និងប្រព័ន្ធចម្រោះទឹកកខ្វក់។ កម្រិតបរិញ្ញាបត្រដឹកជញ្ជូនផ្លូវគោក សិក្សាលើឯកទេសសេដ្ឋកិច្ច និងការគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក។ កម្រិតបរិញ្ញាបត្រភស្តុភារកម្ម សិក្សាលើឯកទេសគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ កម្រិតបរិញ្ញាបត្រនាវាចរ សិក្សាលើឯកទេស        បរិបាលនាវា និងម៉ាស៊ីននាវា។

 

គួរបញ្ជាក់ដែរថា សម្រាប់និស្សិតសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្រោយពេលបញ្ចប់ការសិក្សានឹងមានអាទិភាព ក្នុងការប្រលងចូលក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយឡែក អំឡុងពេលសិក្សា និស្សិតអាចចុះអនុវត្តជាក់ស្តែងតាមការដ្ឋាននានា ដែលកំពុងសាងសង់ផ្លូវថ្នល់ទូទាំងប្រទេស ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុននានា។


ជាមួយគ្នានេះ និស្សិតក៏អាចចុះហ្វឹកហាត់ការងារនៅតាមបណ្តាក្រុមហ៊ុន ឬអង្គភាពក្រោមឱវាទក្រសួង ដែលកំពុងសាងសង់ផ្លូវថ្នល់ និងគម្រោងនានា លើវិស័យសាធារណការ និងដឹកជញ្ជូន។ បន្ថែមលើនេះ និស្សិតក៏មានឱកាសទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាក្រៅប្រទេសផងដែរ។


ចំពោះបេក្ខជនមានចំណាប់អារម្មណ៍សិក្សានៅវិទ្យាស្ថាននេះ អាចទាក់ទងព័ត៌មានតាមរយៈលេខទូរស័ព្ទ ០៩៨ ២១ ០២ ២១ ឬ ០៧៨  ២១ ០១  ២១  ។ ឬ បេក្ខជនអាចទាក់ទងសាកសួរព័ត៌មានបន្ថែម នៅវិទ្យាស្ថានផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្លូវ ៥៩៨(ផ្លូវជាសុផារ៉ា) ក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សុខ ពិសិដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024