ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ឥណ្ឌា អនុញ្ញាតបើកការនាំចូលសាច់ជ្រូក និងផលិតផលអាមេរិក

១៣ មករា ២០២២ | សេដ្ឋកិច្ច


តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងរបស់ឥណ្ឌា ក្នុងការអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក ជាលើកដំបូង គឺជាដំណឹងដ៏អស្ចារ្យសម្រាប់អ្នកផលិតអាមេរិក និងសម្រាប់អ្នកប្រើប្រាស់ឥណ្ឌា។


រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Tom Vilsack បាននិយាយថា អាមេរិក កំពុងធ្វើការដើម្បីធានាថា ឧស្សាហកម្មសាច់ជ្រូករបស់សហរដ្ឋអាមេរិក អាចចាប់ផ្តើមដឹកជញ្ជូនផលិតផលទៅកាន់ ប្រទេសឥណ្ឌា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។លោក បន្តថា កិច្ចព្រមព្រៀងនេះ បានបង្ហាញពី កិច្ចខិតខំប្រឹងប្រែងរយៈពេល ២ទសវត្សរ៍ ដើម្បីស្វែងរកទីផ្សារសម្រាប់សាច់ជ្រូកអាមេរិក ទៅកាន់ប្រទេសឥណ្ឌា។


នៅឆ្នាំ ២០២០ សហរដ្ឋអាមេរិក គឺជាប្រទេសផលិតសាច់ជ្រូកធំជាងគេទី ៣ របស់ពិភពលោក និងជាប្រទេសនាំចេញធំទី ២ ជាមួយនឹងការលក់សាច់ជ្រូក និងផលិតផលសាច់ជ្រូក ទូទាំងពិភពលោកមានតម្លៃ ៧ពាន់ ៧រយលានដុល្លារអាមេរិក។ក្នុងឆ្នាំសារពើពន្ធ ២០២១ សហរដ្ឋអាមេរិក បាននាំចេញផលិតផលកសិកម្មជាង ១ពាន់ ៦រយលានដុល្លារអាមេរិកទៅកាន់ ប្រទេសឥណ្ឌា។


នៅឯ វេទិកាគោលនយោបាយពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងឥណ្ឌា កាលពីខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅ ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាក្នុងការពង្រីកពាណិជ្ជកម្មផលិតផលកសិកម្មមួយចំនួន រួមមានទាំង ផ្លែឈែរី និងគ្រាប់ធញ្ញជាតិស្ងួត ព្រមទាំងផ្លែស្វាយ ទំពាំងបាយជូរ បង្គា និងសាច់ក្របីរបស់ឥណ្ឌា។

 


ជាចុងក្រោយ ប្រទេសឥណ្ឌា នៅតែកំពុងជំរុញឱ្យមានការស្ដារឡើងវិញនូវ ស្ថានភាពអ្នកទទួលផលរបស់ខ្លួនក្រោមប្រព័ន្ធ GSP ដែលជាកម្មវិធីរបស់ សហរដ្ឋអាមេរិក ដែលផ្តល់នូវការចូលប្រើប្រាស់ដោយមិនគិតពន្ធមួយចំនួន សម្រាប់ការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលផុតកំណត់កាលពីចុងឆ្នាំ ២០២០៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024