ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

 វ៉ាន់ នីឡា ក្លាហាន និងជឿជាក់ខ្លាំងក្នុងការវិលត្រឡប់មកកាន់ក្បាលមេក្រូវិញក្រោយបោះបង់ឆាកអស់ជាច្រើនឆ្នាំ !

៣១ ធ្នូ ២០២១ | កម្សាន្ដ

 

តារាចម្រៀង វ៉ាន់ នីឡា បានបង្ហាញភាពក្លាហានក្នុងការវិលត្រឡប់មកកាន់ក្បាលមេក្រូឡើងវិញហើយ ក្រោយពីទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ និងអ្នកនៅជុំវិញខ្លួន ដោយនាងបានត្រៀមបទ ចម្រៀង និង ស្ទាយថ្មីៗជាច្រើន ដើម្បីវិលមកសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញជាថ្មី ។ 
   

 


តារាចម្រៀងរូបនេះបានបាត់មុខពីឆាកតន្រ្តីអស់ជាច្រើនឆ្នាំ ក្រោយពើបប្រទះរឿងអាស្រូវស្នេហានាពេលកន្លងមក ដោយនាងទទួលរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រហូតរត់ទៅសំងំលាក់ខ្លួនស្ងាត់ឈឹង មិនមានភាពក្លាហានក្នុងការឈរលើឆាកតន្រ្តី ។ ជុំវិញនៃការប្រកាសវិលត្រឡប់ចូលសិល្បៈឡើងវិញ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ និង រងចាំមើលស្នាដៃថ្មីរបស់តារាចម្រៀង វ៉ាន់ នីឡា គ្រប់ៗគ្នា  ។ 

 


ជួបជាមួយកញ្ញាផ្ទាល់នៅក្នុងកម្មវិធីជួបជុំសិល្បករកាលពីពេលថ្មីៗនេះ វ៉ាន់ នីឡា បានរៀបរាប់ប្រាប់ថា ពេលនេះអារម្មណ៍ផ្លូវចិត្តនាងបានល្អប្រសើរឡើងវិញហើយ អ្នកគាំទ្រជាច្រើនៅតែចង់ឃើញមុខនាងនៅលើវិស៍យចម្រៀងនេះ ដូច្នេះនាងត្រូវតែក្លាហានក្នុងការវិលត្រឡប់មកវិញ ។   

 


កញ្ញាបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់មកកាន់វិស័យចម្រៀងវិញ នាងបានត្រៀមបទចម្រៀងចំនួន ១០ បទដែលសុទ្ធសឹងតែជាបទថ្មី ប្លែក គួរឱ្យចាប់អារម្មណ៍ ក្នុងនោះដែរនាងក៏បាន ផ្លាស់ប្តូរស្ទាយច្រៀងថ្មី ពីតារាចម្រៀងមនោរសញ្ចេតនា មកញាក់កន្រ្តាក់អារម្មណ៍ជាដើម ។ វ៉ាន់ នីឡា សង្ឃឹមថា ការផ្លាស់ប្តូរមកច្រៀងបទចម្រៀងញាក់នេះ នឹងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ និងគាំទ្រ ស្នាដៃថ្មីរបស់នាងគ្រប់ៗគ្នា ។ 

 


ពេលនេះ វ៉ាន់ នីឡា ទទួលការងារសិល្បៈឡើងវិញហើយ ទាំងការច្រៀងតាមខេត្ត ក៏ដូចជាឡើងឆាកតន្រ្តីតាមស្ថានីយ៍ទូរទស្សន៍នានា ពីព្រោះនាងបានកប់រឿងអាស្រូវនាពេលកន្លងមកចោលអស់ និងកសាងជីវិតថ្មីនៅលើវិថីចម្រៀងឡើងវិញ ដើម្បីបំពេញក្តីស្រមៃខ្លួន ៕ 


  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025