ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

កម្ពុជា នៅត្រូវការបុគ្គលិកសេវាសង្គមច្រើននាក់ថែមទៀត ដើម្បីឆ្លើយតបតម្រូវការ

១៨ ​វិច្ឆិកា ២០២១ | ព័ត៌មានជាតិ


មន្ត្រីសង្គមកិច្ច បានលើកឡើងថា សង្គមដែលល្អ ត្រូវការបុគ្គលិកសេវាសង្គមកិច្ចម្នាក់ ក្នុងចំណោមមនុស្ស ៥០០ នាក់ ប៉ុន្តែនៅកម្ពុជា ទើបតែមានបុគ្គលិកសេវាសង្គមម្នាក់ ក្នុងចំណោមមនុស្សប្រមាណជា ១ ម៉ឺន នាក់ឯណោះ ពោលគឺកម្ពុជា នៅត្រូវការបុគ្គលិកសេវាសង្គមជាច្រើនថែមទៀត ហើយថា ស្ថាប័នពាក់ព័ន្ធ បាន និង កំពុងជំរុញការបណ្តុះបណ្តាលអ្នកជំនាញសង្គមកិច្ចឱ្យបានច្រើនថែមទៀត។


បុគ្គលិកសេវាសង្គមកិច្ច ដែលត្រូវបានបណ្តុះបណ្តាលបានល្អ គឺជាអ្នកដែលគាំទ្រ និង លើកកម្ពស់ សុខុមាលភាពកុមារ ស្ត្រី ជនមានពិការភាព ជនចាស់ជរា គ្រួសារ និង សហគមន៍ជាដើម ហើយ ដើម្បី ឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅក្នុងសង្គមបច្ចុប្បន្ននេះ កម្ពុជា គួរមានបុគ្គលិកសេវាសង្គមអាជីព ឬ បុគ្គលិកសេវាសង្គមអាជីពរង ១ ឬ ២ នាក់ សម្រាប់ ឃុំ ឬ សង្កាត់មួយ ។

 

ដូច្នេះ កម្ពុជា នៅត្រូវការបុគ្គលិកសេវាសង្គមកិច្ចរាប់ពាន់នាក់បន្ថែមទៀត ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាឱកាសថ្លែងបើកសិក្ខសាលាពិគ្រោះយោបល់ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី កម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។


ដើម្បី ឆ្លើយតបទៅនឹងសេចក្តីត្រូវការនេះ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ នៃ ក្រសួងសង្គមកិច្ច និង ជាប្រធានអនុគណៈកម្មការជំនួយសង្គមបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា មានវិទ្យាស្ថានជាតិសង្គមកិច្ច និង មហាវិទ្យាល័យចំនួន ២ ផ្សេងទៀត បាន និង កំពុងបណ្តុះបណ្តុះអ្នកជំនាញសេវាសង្គមកិច្ច ហើយក្រសួងសង្គមកិច្ច ក៏នឹងពិភាក្សាជាមួយមហាវិទ្យាល័យមួយចំនួនទៀត ដើម្បី បញ្ចូលជំនាញសេវាសង្គមកិច្ចនេះ ទៅក្នុងកម្មវិធីសិក្សា នៃ មហាវិទ្យាល័យទាំងនោះ សំដៅបង្កើនធនធានមនុស្សផ្នែកសេវាសង្គមកិច្ចនេះឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ។

 


ឯកឧត្តម សំហេង បុរស បានបន្ថែមថា នៅក្នុងបណ្តាប្រទេសជឿនលឿន គេត្រូវការបុគ្គលិកសេវាសង្គមកិច្ចម្នាក់ ក្នុងចំណោមមនុស្សប្រមាណជា ៥០០ នាក់នៅក្នុងសង្គម ។ ដោយឡែកនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ទើបតែមានបុគ្គលិកសេវាសង្គមកិច្ចម្នាក់ ក្នុងចំណោមមនុស្សប្រមាណជា ១ ម៉ឺន នាក់ឯណោះ ពោលគឺកម្ពុជា ពិតជានៅត្រូវការបុគ្គលិកសេវាសង្គមនេះជាច្រើនទៀត ដើម្បី បំពេញសេចក្តីត្រូវការផ្នែកសេវាសង្គមកិច្ចនាពេលបច្ចុប្បន្ន និង ទៅអនាគត ។ 

 


គួរបញ្ជាក់ថាបុគ្គលិកសេវាសង្គមកិច្ច មិនមែនសំដៅលើតែមន្ត្រីរាជការ នៃ ក្រសួងសង្គមកិច្ចទេ ប៉ុន្តែបុគ្គលិកសេវាសង្គមកិច្ច ក៏គ្របដណ្តប់ទាំងបុគ្គលិក ឬ អ្នកធ្វើការនៅក្នុងវិស័យឯកជន ក៏ដូចជាអ្នកធ្វើការតាមស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ជាដើមផងដែរ ឱ្យតែជាអ្នកធ្វើការផ្នែកសេវាសង្គមកិច្ច ហើយបុគ្គលិកសេវាសង្គមកិច្ចត្រូវបានចាត់ចំណាត់ថ្នាក់ជា ៤ ផ្នែកសំខាន់ៗគឺ បុគ្គលិកសេវាសង្គមកិច្ចអាជីព បុគ្គលិកសេវាសង្គមកិច្ចអាជីពរង អ្នកមិនអាជីព និង បុគ្គលិកសេវាសង្គមកិច្ចសម្ព័ន្ធ ដែលផ្នែកចុងក្រោយនេះក៏សំដៅដល់មន្ត្រីសាធារណៈ ដូចជាមន្ត្រីនគរបាលជាដើមផងដែរ ៕

 

 

 

អត្ថបទៈ ខឿន សាឃាង, រូបភាពៈ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025