ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥

ក្រោយពីញាស់ហើយកូនគន្ធាយសមុទ្របានវារទៅកាន់ទឹកសមុទ្រដោយរីករាយនៅប្រទេសអ៊ីតាលី

០២ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

ក្រោយពីបានញាស់ចេញស៊ុតនៅក្រោមដីខ្សាច់មាត់សមុទ្ររួចហើយ កូនគន្ធាយសមុទ្ររាប់សិបក្បាលបានវារចូលទៅក្នុងទឹកសមុទ្រដោយរីករាយនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី។

 

 

 

 

 

កូនសត្វគន្ធាយសមុទ្រ Caretta Caretta រាប់សិបក្បាលបានធ្វើឱ្យអ្នកស្ម័គ្រចិត្តរបស់ក្រុមបរិស្ថានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពួកគេបានឃើញកូនគន្ធាយទាំងនេះវារចូលទៅក្នុងទឹកសមុទ្រក្រោយពីបានញាស់និងងើបចេញពីសំបុកនៅក្រោមដីខ្សាច់របស់វាដែលគេមិនបានដឹងពីមុនមកនៅឆ្នេរសមុទ្រនៃប្រទេសអ៊ីតាលីកាលពីពេលថ្មីៗនេះ។

 

 


កាកសំណល់បន្សល់ទុកក្រោយពីការញាស់របស់កូនគន្ធាយទាំងនេះត្រូវបានគេមើលឃើញនៅលើឆ្នេរសមុទ្រ Scala dei Turchi នៅជិតទីក្រុង Agrigento នៅតំបន់ Sicily ប្រទេសអ៊ីតាលីខណៈដែលកូនសត្វគន្ធាយខ្លះបានវារចូលទៅក្នុងសមុទ្រភ្លាមៗតែម្ដងចំណែកខ្លះទៀតបានបន្តស្ថិតនៅក្នុងសំបុក។

 

 

 

 

 

 


ក្រុមបរិស្ថាន Mareamico បាននិយាយថា កូនគន្ធាយចំនួន ៧៤ ក្បាលបានចូលក្នុងសមុទ្រចំណែល៥ក្បាលទៀតមិនហ៊ានចេញពីសំបុកនោះឡើយ។ សត្វគន្ធាយសមុទ្រក្បាលពពារនេះគឺជាប្រភេទសត្វជិតផុតពូជដែលរស់នៅសមុទ្រអាត្លង់ទិក ប៉ាស៊ីហ្វិក និងឥណ្ឌាព្រមទាំងសមុទ្រមេឌីទែរ៉ាណេផងដែរ។

 

 


ចំនួនសត្វគន្ធាយសមុទ្រនេះបានធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតែការបរបាញ់ ការបាត់បង់កន្លែងក្រាបពងនៅលើឆ្នេរខ្សាច់ ការប្រមូលយកស៊ុតរបស់សត្វទាំងនេះ និងការជាប់ឧបករណ៍នេសាទផងដែរ៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025