ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
បន្ទាប់ពីបានរៀបចំបវរកញ្ញាជាច្រើនឲ្យចូលប្រកួតកម្មវិធីសម្រស់តាមរបថថ្មី គឺការប្រកួតតាមអនឡាញ លោក ម៉ែន និមលរតន៍ អ្នកជំនាញបញ្ជូនបវរកញ្ញាទៅប្រកួតកម្មវិធីសម្រស់ខ្នាតអន្តរជាតិ លើកឡើងឲ្យដឹងពីផលលំបាកនៃការរៀបចំប្រកួតតាមអនឡាញរបស់ខ្លួនជាអ្នករៀបចំ និងបវរកញ្ញាដែលត្រូវប្រកួត។
ជាការពិតដែលកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោកជាច្រើនបានងាកមករៀបចំការប្រកួតប្រជែងតាមប្រព័ន្ធឌីជីថលអនឡាញជំនួសឲ្យការប្រកួតលើឆាក ព្រោះតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩លើសកលលោក។
ក្នុងនោះកម្ពុជាយើងក៏បានបត់ខ្លួនចូលក្នុងរបថថ្មីនេះផងដែរ ដោយក្រុមហ៊ុន Cambodia International Models – CIM ជាក្រុមហ៊ុនបណ្តុះបណ្តាលអាជីពដើរម៉ូដ និងជាអ្នកជំនាញបញ្ជូនបវរកញ្ញាទៅចូលរួមប្រកួតប្រជែងកម្មវិធីសម្រស់ខ្នាតអន្តរជាតិ នៅតែស្វះស្វែងឲ្យកម្ពុជាមានវត្តមានលើឆាកអន្តរជាតិ ដោយបានរៀបចំបញ្ជូនបវរកញ្ញាកម្ពុជាទៅចូលរួមប្រកួតខ្នាតអន្តរជាតិតាមប្រព័ន្ធឌីជីថលអនឡាញជាហូរហែរ ខណៈកំពុងក្នុងអំឡុងវិបត្តកូវីដ១៩។
លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ Cambodia International Models – CIM ឲ្យដឹងថា បេក្ខភាពតំណាងជាតិកម្ពុជាដែលបានរៀបចំឲ្យចូលប្រកួតតាមអនឡាញទាំងនោះ មានការសោកស្តាយដែលពួកគេមិនបានទៅចូលរួមប្រកួតផ្ទាល់លើឆាកអន្តរជាតិ ព្រោះស្ថានភាពមិនអំណោយផល។ តែលោកគិតថា យ៉ាងណាក៏វាជាឱកាស និងបទពិសោធន៍មួយដែលពួកគាត់ទទួលបានពីការប្រកួត។
បើនិយាយពីផលលំបាកសម្រាប់បវរកញ្ញា និងអ្នករៀបចំវិញក៏មានច្រើនដូចគ្នាដែរ។ ឆ្លងកាត់បទពិសោធន៍រៀបចំប្រកួតអនឡាញរបស់បវរកញ្ញាឆ្នាំ២០២០ លោក និងបវរកញ្ញាត្រៀមប្រកួតតាមអនឡាញឆ្នាម២០២១ មានការត្រៀមខ្លួនល្អជាងមុន។
គួររំលឹកដែរថា ត្បិតកម្មវិធីប្រកួតប្រជែងសម្រស់ជាច្រើនត្រូវបានរៀបចំតាមអនឡាញ តែក្នុងឆ្នាំ២០២១នេះ គេឃើញមានកម្មវិធីប្រកួតប្រជែងសម្រស់ខ្លះត្រូវបានរៀបចំឡើងផងដែរ ហើយបេក្ខភាពតំណាងជាតិកម្ពុជាដែលមានភារៈត្រូវតំណាងជាតិក្នុងកម្មវិធីនោះក៏បានពុះពារចេញទៅប្រកួតតាមការរៀបចំដូចគ្នា បើទោះបីកម្មវិធីតម្រូវឲ្យនៅដាច់ដោយឡែកមុនថ្ងៃប្រកួតក្តី។
ជាក់ស្តែង កាលខែមេសាកន្លងទៅ កញ្ញា រ៉េត សារីតា Miss Universe Cambodia 2021 បាននាំយកទង់ជាតិព្រះរាជាណាចក្រកម្ពុជា ហោះចេញពីកម្ពុជាទៅ រដ្ឋហ្លូរីដា សហរដ្ឋអាមេរិក ដើម្បីប្រកួតកម្មវិធី Miss Universe 2021 ចំណែក កញ្ញា លីវ ជីលី ក៏បានហោះចេញទៅប្រទេសថៃ ដើម្បីប្រកួតកម្មវិធី Miss Grand International 2021។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច