ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំ តាមវិដេអូ Conference កាលពីចុងសប្តាហ៍មុននេះ ស្ដីពី ការគាំទ្រការរៀន និងបង្រៀនពីចម្ងាយ ដែលស្របតាមបរិបទបច្ចុប្បន្នតាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំ ក្រោមកិច្ចដឹកនាំដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានផ្តោតលើរបៀបវារៈចំនួន ៣ និងដាក់សម្រេចដាក់ចេញនូវកម្មវិធី ៧ ចំណុច ដើម្បីគាំទ្រការរៀន និងបង្រៀនពីចម្ងាយ។
របៀបវារៈទី ១ គឺ តម្រូវការជាក់ស្ដែងលើការរៀន និង បង្រៀនតាម Online របស់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនទាំង ២៥ ។ របៀបវារៈទី ២ គឺការរៀបចំផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ដើម្បី អភិវឌ្ឍគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន និង របៀបវារៈទី ៣ គឺ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់បុគ្គលិកអប់រំ និង គរុសិស្ស-គរុនិស្សិត។ កិច្ចប្រជុំពិភាក្សានោះ មានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពជំនាញថ្នាក់កណ្ដាលដែលពាក់ព័ន្ធ ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ព្រមទាំងនាយក នាយិកាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៤ នាយក នាយិកាសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ សាលាគរុកោសល្យមត្តេយ្យមជ្ឈិម និងវិទ្យាស្ថានអប់រំពិសេស។
ជាលទ្ធផល អង្គប្រជុំបានសម្រេចដាក់ចេញនូវកិច្ចការសំខាន់ៗចំនួន ៧ ចំណុចគឺ ៖
ទី ១. រៀបចំគោលការណ៍ចំណាយលើការធ្វើសិក្ខាសាលា និងការបណ្ដុះបណ្ដាលអនឡាញ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយត្រូវមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដើម្បីស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ ។
ទី ២. រៀបចំបញ្ជីតម្រូវការលម្អិតនូវសម្ភារបច្ចេកទេស សម្រាប់ដំណើរការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ។ ទី ៣. រៀបចំបែងចែកសម្ភារបច្ចេកទេសដែលមាននៅក្នុងឃ្លាំង ជូនទៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនឱ្យបានស្មើៗគ្នា។ ក្នុងដំណាក់កាលទីពីរ ក្រសួងនឹងរៀបចំទិញបន្ថែម ដើម្បីបំពេញតម្រូវការ ។
ទី ៤. រៀបចំការបណ្ដុះបណ្ដាលអនឡាញពីថ្នាក់កណ្តាល ទៅគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងពិនិត្យមើលការគាំទ្រថវិកាដល់គ្រូ បច្ចេកវិទ្យាព័ត៌មាន ឬ គ្រូ IT សម្រាប់ការគាំទ្រការបង្រៀននៅនឹងកន្លែង ដោយខ្លួនឯង ។
៥. នឹងរៀបចំការប្រជុំប្រចាំខែ សម្រាប់ត្រួតពិនិត្យមើលការអនុវត្តការរៀន និងបង្រៀនតាមអនឡាញ ។
ទី ៦. ចាត់វិធានការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវមានរបាយការណ៍ជាប្រចាំ ។
និង ទី ៧. ប្រើប្រាស់កញ្ចប់ថវិកាដែលមានស្រាប់ សម្រាប់សេវាអ៊ីនធឺណេត និងរៀបចំគម្រោងពិសេសមួយ គាំទ្រសេវាអ៊ីនធឺណិតនេះ នឹងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ សម្រាប់គាំទ្រអាហារូបករណ៍ដល់គរុសិស្ស គរុនិស្សិត ។
គប្បីរំឭកថា កាលពីចុងសប្តាហ៍មុននោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានដឹកនាំកិច្ចប្រជុំតាមវិដេអូ Conference មួយទៀត ដើម្បីបូកសរុប និងវាយតម្លៃលើវឌ្ឍនភាព នៃ ការអនុវត្ត គម្រោងកែលម្អឧត្តមសិក្សា ក្នុងការប្រែក្លាយបរិការណ៍ នៃ ការផ្ទុះឡើង និង ការរីករាលដាល នៃ ជំងឺកូវីដ-១៩ ឱ្យទៅជាកាលានុវត្តភាព ដែលសាកលវិទ្យាល័យទាំង ៥ ត្រូវប្រែក្លាយខ្លួនជា គ្រឹះស្ថានឧត្ដមសិក្សាគំរូ តាមបទដ្ឋានទាំង ៩ នៃ គណៈកម្មាធិការវាយតម្លៃគុណភាពសិក្សា ហៅកាត់ថា ACC ។ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ត្រូវពង្រឹង និង កែលម្អកម្មវិធីសិក្សា បង្កើនបរិមាណ និង គុណភាពសៀវភៅសិក្សាតាមមុខវិជ្ជា និង ការបង្កើតយន្តការពង្រឹងគុណភាពអប់រំ ។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យបង្កើតសាកលវិទ្យាល័យនិម្មិត ដែលហៅថា Cyber University ដើម្បី ចែករំលែកធនធានមនុស្ស ធនធានសិក្សា សៀវភៅសិក្សា សម្រាប់ការអប់រំកម្រិតឧត្តមសិក្សា និងការផ្សារភ្ជាប់ទៅកាន់គ្រឹះស្ថានឧត្តមសិក្សា ១៧ ផ្សេងទៀត ដែលចូលរួមទទួលផលពីគម្រោង ដែលប្រការនេះបានសេចក្តីថា ការងាររបស់បុគ្គលិកអប់រំ មិនបានគាំងស្ទះដោយសារតែជំងឺកូវីដ-១៩ ឡើយ ពោលគឺនៅតែដំណើរការទៅមុខ ឥតមានបន្ធូរបន្ថយឡើយ ដោយគ្រាន់តែប្តូរពីការអនុវត្តដោយផ្ទាល់ ទៅជាអ្វីៗត្រូវរៀបចំប្រែក្លាយឱ្យទៅជាការអនុវត្តតាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ក្រសួងអប់រំ និងឯកសារ