ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥

ក្រសួងសាធារណការ តម្រូវឲ្យក្រសួង ស្ថាប័នរដ្ឋ អង្គការ និងស្ថានទូត យកយានជំនិះ មកធ្វើបច្ចុប្បន្នភាព ប្តូរបណ្ណ និងផ្លាកលេខថ្មី

២០ ឧសភា ២០២០ | ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន តម្រូវឲ្យគ្រប់យានជំនិះទាំងអស់ដែលជាកម្មសិទ្ធិរបស់ក្រសួង ស្ថាប័នរដ្ឋ អង្គការជាតិ-អន្តរជាតិ និងស្ថានទូត រៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌយានជំនិះ ដែលកំពុងប្រើប្រាស់នៅអង្គភាពរបស់ខ្លួនរួចបញ្ជូនមកក្រសួង និងត្រូវបំពេញបែបបទស្នើសុំប្តូរបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះថ្មី នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឲ្យបានមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

 


ក្រសួងសាធារណការបានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នយានជំនិះនេះ ដើម្បីឲ្យស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពី «ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ» និងប្រកាសថ្មីស្តីពី «ការកំណត់ប្រភេទលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ន» ក្នុងគោលបំណងគ្រប់គ្រងយានជំនិះ ជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ន ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសិទ្ធិជាកម្មសិទ្ធិលើយានជំនិះរបស់ក្រសួង ស្ថាប័ន ជាពិសេសដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងផ្លាកលេខសម្គាល់យានជំនិះ ដោយបានកែសម្រួល និងកំណត់លេខកូដសម្គាល់ផ្លាកលេខរបស់ក្រសួង ស្ថាប័នមួយចំនួនជាថ្មី តាមលំដាប់លេខកូដសម្គាល់ចាប់ពីរដ្ឋ០១ ដល់រដ្ឋ៣៦។

 


គួរជម្រាបថា បច្ចុប្បន្ននៅកម្ពុជាមានយានយន្តជាង៦លានគ្រឿងហើយ បានចុះបញ្ជីផ្លាកលេខយានជំនិះ ដែលក្នុងនោះមានជាង៨០ភាគរយជាម៉ូតូ។ យោងតាមអនុក្រឹត្យស្តីពី «ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ» ផ្លាកលេខសម្គាល់យានយន្តមានចំនួន ៩ប្រភេទ រួមមាន៖ ផ្លាកលេខ សម្រាប់យានជំនិះរបស់ព្រះបរមរាជវាំង, ផ្លាកលេខ សម្រាប់យានជំនិះរបស់ស្ថាប័នកំពូល, ផ្លាកលេខ សម្រាប់យានជំនិះ ជាសម្បត្តិរដ្ឋ, ផ្លាកលេខ សម្រាប់យានជំនិះរបស់កងយោធពលខេមរភូមិន្ទ, ផ្លាកលេខ សម្រាប់យានជំនិះរបស់កងកម្លាំងនគរបាលជាតិ, ផ្លាកលេខ សម្រាប់យានជំនិះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ផ្លាកលេខ សម្រាប់យានជំនិះរបស់ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល, ផ្លាកលេខ ជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ និងផ្លាកលេខ សម្រាប់យានជំនិះ នាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន៕

 

អត្ថបទ៖ អឿន ភារ៉ា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025