ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
គិតមកដល់ពាក់កណ្ដាលឆ្នាំ២០២០នេះ ការផ្ដល់សេវាកឹបស្លាកម៉ូតូ ឬចុះបញ្ជីទោចក្រយានយន្ត នៅតាមការិយាល័យច្រកចេញចូលតែមួយ សម្រេចបានជាងកន្លះលានគ្រឿងហើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបង្ហាញនៅក្នុងកិច្ចប្រជុំជាមួយក្រសួងមហាផ្ទៃ កាលពីព្រឹកមិញនេះ។
គិតចាប់ពីខែមករា ឆ្នាំ២០១៧មក ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ បានចុះបញ្ជីទោចក្រយានយន្តបានជាង៥៤ម៉ឺនគ្រឿង និងបានផ្ដល់សេវាពាក់ព័ន្ធនឹងការកាន់កាប់ម៉ូតូមួយចំនួនទៀត សរុបជាង៥៦ម៉ឺនគ្រឿង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឯកឧត្តមទេសរដ្ឋមន្ត្រីបានអះអាងថាជាមួយគ្នានេះក្រសួងក៏បានរកឃើញភាពមិនប្រក្រតីមួយចំនួនដែរដូចជាការប្រើអត្តសញ្ញាណបណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ពន្ធដើម។
បើតាមឯកឧត្តម ស៊ុន ចាន់ថុល នៅក្នុងដំណើរការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត នៅការិយាល័យច្រកចេញចូលតែមួយទាំង៥២ការិយាល័យនោះ ក្រសួងរកឃើញថា អត្តសញ្ញាណបណ្ណអ្នកស្នើសុំខ្លះបានចុះបញ្ជីឱ្យម៉ូតូដល់ទៅរាប់រយគ្រឿង ខណៈបណ្ណបង់ពន្ធម៉ូតូខ្លះទៀតក៏ត្រូវបានរកឃើញមានការឃុបឃិតបន្លំចុះបញ្ជីឱ្យម៉ូតូរាប់រយគ្រឿង។ ជាលទ្ធផលមន្ត្រីដែលជាប់ពាក់ព័ន្ធត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញបទល្មើសហើយពេលនេះកំពុងជាប់ឃុំ។
យ៉ាងណាក៏ដោយ បញ្ហាកូវីដ១៩ បានក្លាយជាឧសគ្គរារាំងការដឹកជញ្ជូនសម្ភារៈមួយចំនួនសម្រាប់បំពាក់នៅតាមការិយាល័យច្រកចេញចូលតែមួយដែលមិនទាន់មានសេវាមួយនេះ ហើយថាបញ្ហានេះឯកឧត្តមស្នើសុំសម្ដេចក្រឡាហោមគាំទ្រសំណើរពន្យាពេលដាក់ឱ្យដំណើរការសេវានេះរហូតដល់ដំណាច់ឆ្នាំ២០២០។
ឯកឧត្តមក៏បានស្នើសុំការគាំទ្រពីសម្ដេចពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណបណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណបណ្ណពេលស្នើសុំចុះបញ្ជី ពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណបណ្ណដើម្បីបានស្លាកលេខភ្នំពេញ ហើយមន្រ្តីក៏ជួបការលំបាក ដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឯកភាពតាមសំសុំពន្យាពេលគម្រោងពង្រីកការដាក់ឱ្យដំណើរការសេវាចុះបញ្ជីទោចក្រយានយន្ត ដោយសម្ដេចអះអាងថាជាការកូវីដ១៩គឺជាបញ្ហាប្រឈាមសកលដែលមិនអាចប្រកែកបាន។ ពាក់ព័ន្ធនឹងសំណើរភ្ជាប់ប្រព័ន្ធអនឡាញដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបណ្ណ សម្ដេចបានបង្ហាញការគាំទ្រ និងបានជំរុញឱ្យក្រុមការងារពិភាក្សាគ្នាបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីមុន ការចុះបញ្ជីម៉ូតូ ឬកឹបស្លាកលេខម៉ូតូ បានតម្រូវឱ្យម្ចាស់ម៉ូតូទៅស្នើសុំសេវានៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីខេត្ត។ ប៉ុន្តែក្រោមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលបានបង្កើតការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្ដាក្រុងស្រុកខណ្ឌ ហើយសេវាចុះបញ្ជីម៉ូតូ ឬកឹបស្លាកលេខនោះ ត្រូវបានផ្ទេរមកច្រកចេញចូលតែមួយ ដើម្បីបង្ខិតសេវានេះមកជិតពលរដ្ឋប្រកបដោយតម្លាភាព និងរហ័ស៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ សែត ប៊ុន ថាន់