ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥

មន្ត្រីជំនាញ ប្រាប់សាកវប្បករ ឱ្យយកចិត្តទុកដាក់លើកត្តា ៣ ចំណុច

១៧ មីនា ២០២១ | ព័ត៌មានជាតិ

វាគឺជាដំណឹងល្អដែល ដំណាំសាកវប្បកម្មរដូវប្រាំងឆ្នាំ ២០២១ នេះ ត្រូវបានសាកវប្បករដាំដុះបានលើសផែនការប្រមាណជា ៧ ភាគរហើយ ប៉ុន្តែមន្ត្រីជំនាញបានក្រើនរំឭកដល់ប្រជាកសិករឱ្យគិតគូរយកចិត្តទុកដាក់ទៅលើកត្តា ៣ យ៉ាង គឺ តម្រូវការទីផ្សារ បច្ចេកទេសដាំដុះ និង ប្រើប្រាស់ទឹកដោយសន្សំសំចៃ ។

 


គិតត្រឹមថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១ ប្រជាកសិករដាំដំណាំសាកវប្បកម្មរដូវប្រាំងរបស់ខ្លួនសម្រេចបានជាង ៤ ម៉ឺន ៣ ពាន់ ហិកតា ឬ ប្រមាណជា ១០៧ ភាគរយ ពោលគឺលើសពីផែនការដែលបានគ្រោងទុកប្រមាណជា ៧ ភាគរយ ។ នេះបើតាមការឱ្យដឹងរបស់លោក បណ្ឌិត ម៉ាក់ សឿន អគ្គនាយករង នៃ អគ្គនាយកដ្ឋានកសិកម្ម ដែលបានប្រាប់ PNN តាម តេឡេហ្ក្រាម នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ នេះ ។

 


សូមជម្រាបថា ដំណាំសាកវប្បកម្ម បានដល់ដំណាំហូបផ្លែ ដំណាំហូបស្លឹក និង ដំណាំហូបមើមដោយផ្ទាល់ ដូចជាស្ពែ ប៉េងប៉ោះ ម្ទេស និង ឆៃថាវ ជាដើម ប៉ុន្តែមិនមែនជាដំណាំសម្រាប់កៃច្នៃឡើយ ហើយការដែលប្រជាកសិករដាំដុះបានលើសផែនការនេះ គឺជាប្រការល្អក៏ពិតមែនហើយ ប៉ុន្តែអ្វីដែលគេបានឃើញ បានដឹង បានឮថា ប្រជាកសិករតែងតែជួបប្រទះជាញឹកញាប់បំផុតនោះគឺថា កសិផលដែលប្រជាកសិករខ្មែរ ដាំដុះបាន តែងតែធ្លាក់ថ្លៃ ឬ មានបញ្ហាទីផ្សារ ។ 

 


ហេតុដូច្នេះ លោកបណ្ឌិត ម៉ាក់ សឿន បានក្រើនរំឭកដល់សាកវប្បករ ក៏ដូចជាប្រជាកសិករនៅទូទាំងប្រទេសថា មុននឹងដាំដំណាំអ្វីមួយ មិនគួរដាំទាំងប្រថុយ ដាំទាំងផ្សងព្រេង ដាំតាមគ្នា ឬ ដាំតាមការចង់របស់ខ្លួនឡើយ ប៉ុន្តែត្រូវដាំដោយមានផែនការ ពោលគឺត្រូវសិក្សាពីតម្រូវការទីផ្សារឱ្យបានច្បាស់លាស់ ហើយការសាកសួរព័ត៌មានទីផ្សារ ឬ តម្រូវការទីផ្សារនោះទៀតសោត សាកវប្បករ និង ប្រជាកសិករអាចទៅសាកសួរពីបណ្តាញកសិករ ដែលស្ថាប័ន នានា មានមន្ទីរកសិកម្មជាដើម បានរៀបចំនៅតាមមូលដ្ឋាន ឬ នៅក្បែរមូលដ្ឋានរបស់ពួកគាត់ស្រាប់ ។

 


ម្យ៉ាងទៀតទន្ទឹមនឹងដាំដុះដោយមានផែនការ ពោលគឺដាំឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទៅ សាកវប្បករ ក៏ត្រូវដាំដុះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ពោលគឺអនុវត្តឱ្យបាននូវបច្ចេកទេស នៃ កសិកម្មល្អ និង កសិកម្មសុវត្ថិភាពជាដើម ដែលការដាំដុះតាមបច្ចេកទេសនេះ ទើបគុណភាពកសិផលរបស់ពួកគាត់ឆ្លើយតបទៅនឹងតម្រូវការ ពុំនោះទេ កសិផលរបស់ពួកគាត់នឹងគ្មានទីផ្សារដដែលជាដដែល ពីព្រោះកសិផលទាំងនោះ មិនត្រូវតាមស្តង់ដារដែលជាតម្រូវការរបស់ទីផ្សារ ។

 


ចំណុចទី ៣ ដែលសាកវប្បករ និង ប្រជាកសិករគួរយកចិត្តទុកដាក់ដែរនោះគឺត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃ ចៀសវាងភាពខ្ជះខ្ជាយទឹក ព្រោះទឹកគឺជាធនធានដ៏មានតម្លៃ និង ចាំបាច់បំផុតមួយ ។ នេះបើតាមអនុសាសន៍របស់លោកបណ្ឌិត ម៉ាក់ សឿន ដដែល ។


សូមជម្រាបថា ក្រៅតែពីដំណាំសាកវប្បកម្មទៅ ដំណាំឧស្សាហកម្មក៏ប្រជាកសិករខ្មែរដាំដុះបានច្រើនលើសឆ្នាំទៅម៉ិញដែរ ខណៈដំណាំស្រូវរដូវប្រាំង ត្រូវបានប្រជាកសិករដាំដុះសម្រេចបានលើសផែនការដែលបានគ្រោងទុកប្រមាណជា ៤០ ភាគរយឯណោះ ។ នេះបើតាមរយបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានចេញផ្សាយប៉ុន្មានថ្ងៃមុននេះ ៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025