ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការបង្ការ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សា បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារតាក់តែងឯកសារមេរៀន ស្ដីពី គ្រឿងញៀន សម្រាប់អប់រំនៅតាមគ្រឹះស្ថានសិក្សា ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គការដៃគូពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍសម្ភារ ឧបទេសសម្រាប់ការអប់រំ បង្ការទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សា បានថ្លែងដោយមានជំនឿយ៉ាងមុតមាំថា ប្រសិនបើសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការយល់ដឹងពីបញ្ហាគ្រឿងញៀន ពួកគាត់នឹងចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយឯកសារដែលកំពុងរួមគ្នាតាក់តែងនេះនឹងក្លាយជាប្រទីបបំភ្លឺផ្លូវដល់អ្នកសិក្សា និងអ្នកចង់ស្វែងយល់បង្កើនចំណេះសម្បទា បំណិនសម្បទា ចរិយាសម្បទា ក្លាយជាជនបង្គោលរបស់ជាតិក្នុងដំណើរបង្ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយគ្រឿងញៀនខុសច្បាប់នៅក្នុងសង្គមជាតិ។
លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងបន្ថែមថា ឯកសារអប់រំនេះពេលរៀបចំរួចរាល់នឹងសុំគោលការណ៍ពីថ្នាក់ដឹកនាំសុំដាក់ធ្វេីតេស្តសាកល្បងគុណភាព ប្រសិទ្ធភាពនៅតាមសាលាគរុកោសល្យ ភូមិភាគតាម រាជធានី-ខេត្ត មុននឹងសុំការគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន លេីការងារបោះពុម្ពផ្សព្វផ្សាយ។
ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងសាទរនិងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមឈរលេីស្មារតីខិតខំសស្រាកសស្រាំសំដៅកសាងបាននូវឯកសារអប់រំមួយចូលរួមបង្កេីនប្រសិទ្ធភាពសំដៅបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀននៅតាមគ្រឹះស្ថានសិក្សា។
អាចនិយាយបានថា ការផលិតកឯកសារអប់រំនៅតាមគ្រឹស្ថានសិក្សា នឹងអាចធ្វើអោយសិស្សានុសិស្សយល់ដឹងបានកាន់តែច្រើនពីគ្រឿងញៀន យល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមជៀសឆ្ងាយពីគ្រឿងញៀន ដែលជាការកាត់បន្ថយការព្រួយបារម្ភរបស់អាណាព្យាបាលផងដែរ។ លោកបានថ្លែងអំណរគុណ និងលើកទឹកចិត្តសូមអោយក្រុមការងារទាំងអស់បន្តការងារដ៏មានសារៈសំខាន់នេះ។
សូមបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងគ្រឿងញៀន ដើម្បីអនុវត្តវិធានការកម្ចាត់គ្រឿងញៀន នៅតាមសាលារៀន ដោយមានការសហការជាមួយអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្ដល់សម្ភារត្រួតពិនិត្យទឹកនោមទៅដល់ក្រសួងអប់រំ ដើម្បីដាក់ឲ្យប្រើប្រាស់នៅតាមសាលារៀន សម្រាប់ត្រួតពិនិត្យទៅលើសិស្ស ដែលសង្ស័យថា ប្រើប្រាស់គ្រឿងញៀន។ ហើយចំពោះឯកសារអប់រំ ដែលកំពុងរៀបចំតាក់តែងនេះ មានពីរផ្នែក គឺផ្នែកបឋមសិក្សា មាន១៥មេរៀនចែកចេញជា៤ជំពូក និងមធ្យមសិក្សាបឋមភូមិ មាន១៥មេរៀនចែកជា ៣ជំពូក៕
អត្ថបទ៖ សំ ជំនាញ