ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
សាលាបឋមសិក្សា ចំនួន ៦ កន្លែង ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលជំនួយជាសម្ភារៈអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់សិស្សានុសិស្ស ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
សាលាទាំងនោះរួមមានសាលាបឋមសិក្សាជើងឯក សាលាអូរហ្គូរ៉ាត្រកៀត, សាលាឬស្សីសាញ់, ព្រៃស, ទួលរកាកោះ និងសាលាបឋមសិក្សាវត្តហា។ ហើយអំណោយដែលអង្គការ Good Neighbor និងធនាគារ ឌីជីប៊ី ប្រគល់ជូនសាលាបឋមសិក្សាទាំង 6 ខាងលើរួមមានអាល់កុលចំនួន១៨កាន, អាល់កុលបាញ់ដៃជាង៤០០០ដប,ម៉ាសក្រណាត់ចំនួន៣០០០ម៉ាស, និងម៉ាសពេទ្យចំនួន២៤៥ប្រអប់ ដែលសរុបជាថវិកាជាង៧៤០០ដុល្លារអាមេរិក។
លោក ចាង ដុងវ៉ុន នាយកអង្គការកូរ៉េ Good Neighbor ប្រចាំប្រទេសកម្ពុជាបានអោដឹងថា នេះមិនមែនលើកទី១ទេ ដែលអង្គការមួយចូលរួមឆ្លើយតបទៅនឹងកូវីត១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ធ្វើបានយ៉ាងល្អក្នុងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីត១៩ ហើយអង្គការមួយនេះមានការកោតសរសើរយ៉ាងខ្លាំង។
លោកបន្តថា មែនទៅសម្ភារ:អនាម័យដែលគាំទ្រដោយធនាគារខាងលើក្រោមកិច្ចសហការជាមួយអង្គការរបស់លោកសម្រាប់ប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ក្រចេះ និងខេត្តមណ្ឌលគិរី មានទឹកប្រាក់ជិត២ម៉ឺនដុល្លារអាមេរិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានធ្វើការងារជាច្រើន ប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងកូវីត១៩។
សូមបញ្ជាក់ថា អង្គការ Good Neighbor ជាអង្គការក្រៅរដ្ឋាភិបាលកូរ៉េត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ហើយកំពុងតែប្រតិបត្តិការនៅ៣៥ប្រទេស រួមទាំងកម្ពុជា ដោយផ្ដោតសំខាន់លើការលុបបំបាត់ភាពអត់ឃ្លាន ជម្រុញការអប់រំលើកុមារ អភិវឌ្ឍន៍សហគមន៍ លើកកម្ពស់បញ្ហាសុខភាព ទឹកស្អាត និងអនាម័យ និងជួយជនរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ។
នាពេលកន្លងទៅ អង្គការដែលមានស្នាក់ការកណ្ដាលនៅសាធារណ:រដ្ឋកូរ៉េមួយនេះបានឧបត្ថម្ភម៉ាសចំនួន ៥ម៉ឺនម៉ាសជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីត១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី