ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

មន្ត្រីថា កុមារពិការខ្លះ កំពុងជួបក្តីលំបាកខ្លាំង ដោយសារមិនអាចសិក្សាពីចម្ងាយបាន

១៣ ឧសភា ២០២០ | ព័ត៌មានជាតិ

ចំពោះកុមារពិការប្រភេទខ្លះ អាចសិក្សាពីចម្ងាយចតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំបាន ខណៈកុមារសិក្សាថ្នាក់ពិសេស ក៏មិនមានបញ្ហាដែរ  ប៉ុន្តែអ្វីដែលជាបញ្ហា គឺកុមារពិការថ្នាក់បញ្ចូលគ្នា មិនអាចសិក្សាពីចម្ងាយបានឡើយ ហើយដោយសារតែមិនអាចសិក្សាពីចម្ងាយបាននោះ បណ្តាលឱ្យមានភាពស្មុគស្មាញផ្លូវចិត្ត និង កើនឡើងនូវអំពើហិង្សាទៀតផង ។ នេះគឺជាការលើកឡើងរបស់លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ច ។

 


បើតាមលោក យៀប ម៉ាលីណូ ក៏នៅបញ្ហាមួយចំនួនទៀតដែលកុមារពិការកំពុងប្រឈម ដូចជានៅតំបន់ខ្លះអ៊ឺនធឺណេតយឺតពេក  វិបសាយខ្លះមិនមានភាពងាយស្រួលដល់កុមារពិការ ឬ គ្រួសាររបស់ពួកគេពុំមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកជាដើម ដែលបញ្ហាទាំងនេះ អ្នកពាក់ព័ន្ធទាំងឡាយ កំពុងគិតគូររកដំណោះស្រាយ ។


ក្នុងន័យនេះ លោក យៀប ម៉ាលីណូ បានសំណូមពរដល់មាតាបិតាអាណាព្យាបាលកុមារពិការ ជាពិសេសកុមារដែលមានបញ្ហាសតិបញ្ញា មេត្តា បង្កើនការយកចិត្តទុកដាក់ចំពោះពួកគេ ដូចជាដាក់ការងារឱ្យពួកគេធ្វើ កុំឱ្យពួកគេទំនេរ ប៉ុន្តែរាល់កិច្ចដែលដាក់ឱ្យពួកគេធ្វើនោះ ត្រូវតែជាអ្វីដែលពួកគេចូលចិត្ត ចៀសវាងនូវការបង្ខិតបង្ខំ សូម្បី តែការលាងសម្អាតដៃក៏ដោយ អាចនិយាយម្យ៉ាងទៀត កុំបង្ខំពួកគេ ប៉ុន្តែបបួល ឬ នាំពួកគេធ្វើ ។

 


សូមជម្រាបថា ដោយសារជំងឺកូវីដ ១៩ ក្រសួងអប់រំ សហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងព័ត៌មាន បានបង្កើតកម្មវិធីសិក្សាពីចម្ងាយ និង សិក្សាតាមអេឡិចត្រូនិក ដូចជាការបង្រៀនផ្សាយតាមទូរទស្សន៍ជាដើម និង មានបញ្ចូលភាសាសញ្ញាផងដែរ ក៏ទទួលបានការគាំទ្រច្រើនពីមាតាបិតាអាណាព្យាបាល និង សិស្សានុស្ស ប៉ុន្តែកុមារពិការ មានច្រើនប្រភេទ ដែលកម្មវិធីទាំងនេះ មិនទាន់ឆ្លើយតបគ្រប់ប្រភេទ នៃ ពិការភាពនៅឡើយ ៕

 

អត្ថបទ៖ ខឿន សាឃាង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025