ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

កម្ពុជា នឹងមានមជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាអនីតិជន នៅចុងឆ្នាំនេះ

០៥ ឧសភា ២០២០ | ព័ត៌មានជាតិ

ប្រសិនបើគ្មានការប្រែប្រួលធំដុំទេនោះ មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាអនីតិជន នឹងត្រូវបានស្ថាបនារួចរាល់ និង ដាក់ឱ្យដំណើរនៅដំណាច់ឆ្នាំ ២០២០ខាងមុខនេះ ហើយនៅពេលនោះ ពិរុទ្ធជនជាអនីតិជន ពោលគឺជនល្មើសដែលមានអាយុក្រោម ១៨ ឆ្នាំ នៅទូទាំងប្រទេស ដែលបច្ចុប្បន្នកំពុងដាក់នៅលាយឡំចង្អៀតប្រជ្រៀតគ្នានៅតាមពន្ធនារគារនានា នឹងត្រូវបានផ្លាស់ទៅអប់រំកែប្រែនៅមជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានោះទាំងអស់ ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃ ក្រសួងសង្គមកិច្ច ។

 


សូមជម្រាបថា បច្ចុប្បន្ននេះ ពិរុទ្ធជន ដែលជាអនីតិជននៅទូទាំងប្រទេស សរុបជាង ១ ពាន់ ៨ រយនាក់ ។


ជាការកត់សម្គាល់ នៅពេលត្រូវបានស្ថាបនារួចរាល់ មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាអនីតិជន ដែលមានទីតាំងនៅក្នុងភូមិបាគូ ឃុំ បាគូ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល នេះ នឹងក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់បម្រើវិស័យសង្គមកិច្ចជាលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវ បន្ទាប់ពី មជ្ឈមណ្ឌលថែទាំ និង ស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដែលមានទីតាំងនៅក្បែរ គ្នានោះដែរ និង មជ្ឈមណ្ឌលជាតិជនពិការ ស្ថិតស្រុកអង្គស្នួល ខេត្តកណ្តាល  ។

 


ឯកឧត្តម តូច ចាន់នី បានបន្ថែមថា ការសាងសង់ មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាអនីតិជន នេះ គឺត្រូវបានធ្វើឡើងតាមការកំណត់របស់ច្បាប់លិខិតបទដ្ឋាននានាស្តីពីសិទ្ធិអនីតិជន ដែល កម្ពុជា គឺជាភាគីហត្ថលេខីមួយដែរ៕

 

អត្ថបទ៖ ខឿន សាឃាង
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025