ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះកាន់តែខ្លាំងនៅ ត្រីមាសទី ២

១៣ ឧសភា ២០២០ | សេដ្ឋកិច្ច

លោក សោមគីត ចតុស្រីបិតក ឧបនាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា វិស័យសំខាន់ៗ ដែលរុញច្រានដល់ កំណើនសេដ្ឋកិច្ចជាតិ គឺវិស័យទេសចរណ៍ និងការនាំចេញ ដែលវាបានចុះទន់ខ្សោយទៅហើយ ដោយសារតែ សេដ្ឋកិច្ចសកលលោក មិនល្អនោះទេ ក្នុងអំឡុងពេលនេះ។

 

យ៉ាងណាក៏ដោយចុះ ឧបនាយករដ្ឋមន្រ្តីថៃ ពុំបានបង្ហាញតួលេខពី ការព្យាករណ៍ GDP ថៃ នៅក្នុងត្រីមាសទី ១នៅឡើយនោះទេ រង់ចាំដល់ពាក់កណ្តាលខែឧសភានេះ។

 

មន្រ្តីជាន់ខ្ពស់ នៅធនាគារកណ្តាលថៃ ធ្លាប់បានគូសបញ្ជាក់ដែរថា សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះគ្រប់ត្រីមាសទាំងអស់ ក្នុងឆ្នាំ ២០២០នេះ ដោយត្រីមាសទី ២ រងផលប៉ះពាល់ខ្លាំងជាងគេ ហើយត្រីមាសទី ៣ និងទី ៤ អាចនឹងមានការធ្លាក់ចុះស្តួចស្តើង មុននឹងមានភាពប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ខាងមុខ។

 

លោក បញ្ជាក់ថា ការព្យាករណ៍យ៉ាងដូច្នេះ គឺក្នុងករណីដែល បញ្ហាមេរោគកូវីដ ត្រូវបានគ្រប់គ្រងបាន នៅក្នុងត្រីមាសទី ២នេះប៉ុណ្ណោះ។

 

គួរជម្រាបថា ធនាគារកណ្តាលថៃ ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលរំពឹងនឹងកើនឡើង ២.៨% ក្នុងឆ្នាំ ២០២០នេះ នឹងធ្លាក់ចុះទៅវិញ ប្រមាណ ៥.៣% ក្រោយពីមានការផ្ទុះឡើងនៃមេរោគកូវីដ១៩ ហើយការធ្លាក់ចុះខ្លាំងជាងគេបំផុត គឺនៅក្នុងត្រីមាសទី ២នេះ។

 

ជាចុងក្រោយ បើតាមការបញ្ជាក់ពី ធនាគារកណ្តាលថៃ គឺថា បើសិនជា ប្រជាជនថៃ សហការ និងអនុវត្តទៅតាមវិធានការ របស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើចំណាកស្រុក និងការរក្សាគម្លាតសង្គម (Social Distance) ពិតណាស់ អត្រាឆ្លងមេរោគ នឹងត្រូវបានគ្រប់គ្រង ហើយសេដ្ឋកិច្ចនឹងមានភាពប្រសើរឡើងទៅតាមនោះដែរ ហើយធនាគារកណ្តាលថៃ ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ចរបស់ ថៃ នឹងអាចកើនឡើងប្រមាណ ៣% នៅក្នុងឆ្នាំ ២០២១៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025