ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
សេដ្ឋកិច្ចវិទូថៃ បានធ្វើការប៉ាន់ប្រមាណថា រលកទី ២ នៃមេរោគឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃ អាចនឹងធ្វើឲ្យ ការចំណាយរបស់ប្រជាពលរដ្ឋថៃ អំឡុងពេលឈប់សម្រាកឆ្លងឆ្នាំសកល ២០២១នេះ ធ្លាក់ចុះចន្លោះពី ៤៧០លានដុល្លារ ដល់ទៅ ៥៣០លានដុល្លារអាមេរិក។
នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
សេដ្ឋកិច្ចវិទូមកពី សកលវិទ្យាល័យ Rangsit ប្រទេសថៃ បានអះអាងបញ្ជាក់ថា ការប៉ាន់ប្រមាណនេះ ធ្វើឡើងនៅពេលដែលមានករណីឆ្លងចូលសហគមន៍ ក៏ប៉ុន្តែលោកជឿជាក់ថា រាជរដ្ឋាភិបាលថៃ នឹងអាចគ្រប់គ្រងស្ថានការណ៍នេះបាន តាមរយៈការដាក់ឲ្យដំណើរការនូវ ប្រព័ន្ធតាមដានដ៏មានប្រសិទ្ធិភាព។
បើទោះបីជា នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចា ទទួចថា ប្រទេសថៃ ពុំទាន់មានករណីឆ្លងរលកទី ២ នៅឡើយនោះទេ តែករណីឆ្លងមេរោគថ្មីៗ បានធ្វើឲ្យ ប្រជាពលរដ្ឋ បាត់បង់ទំនុកចិត្តទៅលើ ការធ្វើដំណើរកម្សាន្ត និងចំណាយអំឡុងពេលឆ្លងឆ្នាំសកលនេះ។
ប្រាក់ចំណូលដែលបានមកពី ភ្ញៀវទេសចរណ៍ថៃ កាលពីពិធីឆ្លងឆ្នាំសកល ឆ្នាំ ២០១៩កន្លងទៅ គឺសម្រេចបានជិត ៧ពាន់លានដុល្លារអាមេរិក ហើយក្រុមអ្នកស្រាវជ្រាវជាច្រើនស្ថាប័ន ក៏បានប៉ាន់ស្មានស្រដៀងគ្នាដែរ ប្រជាពលរដ្ឋថៃ នឹងកាត់បន្ថយការចំណាយរបស់ពួកគេ ជាពិសេសអ្នករស់នៅទីក្រុងធំៗ ដូចជា ទីក្រុងបាងកកជាដើម។
ទោះយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ អាជ្ញាធរទេសចរណ៍ថៃ បានគូសបញ្ជាក់ថា ក្រោយពេលវិបត្តិកូវីដ១៩ បញ្ចប់ ថៃ រំពឹងនឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៨លាននាក់ នៅក្នុងឆ្នាំ ២០២១ខាងមុខ ហើយ វិស័យទេសចរណ៍ នឹងមានភាពប្រសើរឡើងវិញ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ