ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

កម្ពុជាស្វាគមន៍ដំរីឯកោ១ក្បាល មកពីប្រទេសប៉ាគីស្ថាន ឲ្យរស់នៅមានសេរីភាពក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជា

០១ ធ្នូ ២០២០ | ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បង្ហាញក្តីមោទនភាព ដែលបានស្វាគមន៍ វត្តមានដំរីអាស៊ី ដែលមានជីវិតឯកោ មកពីប្រទេសប៉ាគីស្ថាន ដើម្បីបានផ្តល់ជីវិតវិតថ្មី ឲ្យរស់នៅក្នុងតំបន់ព្រៃធម្មជាតិ ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព នៃប្រទេសកម្ពុជា ។

 

 

តាមជើងហោះហើរពិសេសមកពីប្រទេសប៉ាគីស្ថាន កាអាវាន់ ( Kaavan ) ដែលជាដំរីឈ្មោល១ក្បាល អាយុ៣៥ឆ្នាំ ត្រូវបានក្រុមការងារនៃអង្គការពិភពលោក ការពារអភិរក្សសត្វ នាំដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅវេលម៉ោង១៤និង៤៥នាទី នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រកបដោយសុវត្ថិភាពខ្ពស់ ។ (កាអាវាន់) គឺជាប្រភេទសត្វដំរីអាស៊ី ដែលពិភពលោកស្គាល់ថា ជាដំរីឈ្មោលមានជីវិតរស់នៅឯកោ និ ងគ្មានសេរីភាពនៅក្នុងឧទ្យានជាតិ នៃប្រទេសប៉ាគីស្ថាន។

 

 

ក្នុងវត្តមានរង់ចាំដំណើរមកដល់របស់សត្វដំរី ( កាអាវាន់ ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហើបឲ្យដឹងយ៉ាងដូច្នេះ ជាមួយនឹងមោទនភាព ដែលកម្ពុជាបានទទួលស្វាគមន៍ដំរីមួយក្បាល កំពុងមានការចាប់អារម្មណ៍របស់ពិភពលោក។ ឯកឧត្តម ក៏បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ដែរថា អាចមានវត្តមានដំរីឈ្មោល (កាអាវាន់) មកដល់កម្ពុជា គឺដោយសារតែមានការតស៊ូមតិអស់រយៈពេល៥ឆ្នាំ របស់អង្គការពិភពលោកការពារអភិរក្សសត្វ អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា ហើយនៅក្នុងក្រុមអ្នកតស៊ូមតិទាំងនោះ ក៏មានការចូលរួមពីសំណាក់តារាចម្រៀងប៉ុបរបស់សហរដ្ឋអាមេរិកផងដែរ ចុងក្រោយនេះ គឺការសម្រេចរបស់តុលាការកំពូលនៃប្រទេសប៉ាគីស្ថាន   ក្នុងការបញ្ជូន កាអាវាន់ មកកម្ពុជា។ មកដល់កម្ពុជា កាអាវាន់ មិនឯកោទៀតឡើយ  វានឹងមានសេរីភាព និងមានជីវិតរស់នៅក្នុងតំបន់ព្រៃធម្មជាតិអភិរក្ស ដែលអនុញ្ញាតិដោយក្រសួងបរិស្ថាន និង គ្រប់គ្រងការពារដោយ អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា ។

 

 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានឲ្យដឹងដែរថា មកដល់បច្ចុប្បន្ននេះ នៅកម្ពុជាមានប្រភេទសត្វដំរីអាស៊ី ប្រមាណពី៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ព្រៃធម្មជាតិនៃខេត្តមណ្ឌលគិរី  រតនគិរី និង នៅតាមជួរភ្នំក្រវាញនៃខេត្តពោធិសាត់ ។ ក្រសួងបរិស្ថាន កំពុងយកចិត្តទុកដាក់ទៅលើកិច្ចការ ការពារអភិរក្ស និង ថែរក្សាប្រភេទសត្វដំរីអាស៊ី ឲ្យបានល្អបំផុត ហើយក៏សង្ឃឹមដែរថា ដំរីឈ្មោះ កាអាវាន់ នឹងកសាងបានគ្រួសារថ្មី នៅក្នុងតំបន់ព្រៃធម្មជាតិ ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ដែលជាគោលដៅអាណាចក្រថ្មីរបស់គេ ស្ថិតនៅក្នុងដែនភូមិសាស្រ្តតំបន់ព្រៃស្អាកនៃខេត្តឧត្តរមានជ័យ  ។

 

 

ក្នុងពេលដំណើរមកដល់ ដោយមិនបង្អែបង្អង់យូរ ក្រុមការងារបច្ចេកទេសនៃនៃអង្គការពិភពលោក ការពារអភិរក្សសត្វ បានធ្វើការដាក់ចុះពីយន្តហោះ និង ធ្វើការលើកដាក់លើរថយន្ត ដើមី្បដឹកបន្តយកទៅកាន់តំពន់អភិរក្សាសត្វ នៅ តំបន់ព្រៃស្អាក ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃដដែលនេះផងដែរ ៕

 

អត្ថបទ រូបភាព៖ ឡៃ លី

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024