ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
អំឡុងសប្ដាហ៍នៃថ្ងៃឈប់សម្រាកដ៏ធំប្រចាំឆ្នាំរបស់ប្រទេសចិន ប្រជាជនរាប់លាននាក់បាននាំគ្នាទៅមើលកុន ហើយក្នុងនោះមានភាពយន្តខ្នាតធំចំនួនពីរអាចរកប្រាក់ចំណូលបានលើសពី ១៣៥លានដុល្លារ។
ទស្សនិកជនរាប់លាននាក់នៅប្រទេសចិនបាននាំគ្នាសម្រុកទៅទស្សនាភាពយន្តតាមរោងកុននៅទូទាំងប្រទេសចិន ស្របពេលភាពយន្តខ្នាតធំជាច្រើនបានចេញបញ្ចាំងអំឡុងឈប់សម្រាកបុណ្យជាតិ ឬ National Day ដែលមានរយៈពេលរហូតដល់ ៨ថ្ងៃ និងបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងចំណោមភាពយន្តជាច្រើន មានភាពយន្តខ្នាតធំចំនួនពីរ ដែលទីមួយមានចំណងជើងថា “My People My Homeland” និងមួយទៀតមានចំណងជើងថា “Legend of Deification” ដែលសុទ្ធតែអាចរកប្រាក់ចំណូលបានលើសពី ១៣៥លានដុល្លារក្នុងមួយរឿង ហើយភាពយន្តទាំងពីរនេះបូកសរុបចូលគ្នាមានកាន់កាប់ចំណែក ៧០% ក្នុងចំណោមប្រាក់ចំណូលលើទីផ្សារភាពយន្ត។
ត្បិតថាស្ថានភាពជំងឺកូវីដ១៩នៅប្រទេសចិនមានភាពល្អប្រសើរឡើងក៏ដោយក្ដី ប៉ុន្តែអាជ្ញាធរនៅតែតម្រូវឲ្យតាមរោងកុនត្រូវបន្តអនុវត្តន៍វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការផ្ទុះជំងឺកូវីដ១៩។
ជាក់ស្ដែងដូចជានៅរោងកុនមួយកន្លែងក្នុងខេត្តស៊ីឈាន់ បានតម្រូវឲ្យទស្សនិកជនបង្ហាញនូវ QR Code សុខភាពរបស់ពួកគេ និងត្រួតពិនិត្យកម្ដៅខ្លួនមុនចូលក្នុងរោងកុន ហើយក៏តម្រូវឲ្យមានការពាក់ម៉ាសអំឡុងទស្សនាភាពយន្តផងដែរ៕
ប្រែសម្រួល៖ វ៉ាន់ថន