ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
នៅក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ, លោកត្រាំបានបង់ពន្ធលើប្រាក់ចំណេញតិចតួចបំផុត ដោយសារតែមុខជំនួញរបស់លោកបានជួបនឹងការខាតបង់យ៉ាងធំរហូតដល់រាប់រយលានដុល្លារ។ ខាងលើនេះជាការចុះផ្សាយរបស់កាសែតញូយ៉កថាមស៍ ដោយយោងទៅតាមទិន្នន័យនៃការប្រកាសពន្ធ។ ប៉ុន្តែត្រាំបានចេញមុខច្រានចោលព័ត៌មាននេះភ្លាមៗ។
យោងតាមកាសែតញូយ៉កថាមស៍, លោកត្រាំបានបង់ពន្ធត្រឹមតែ៧៥០ដុល្លារប៉ុណ្ណោះចូលទៅក្នុងពន្ធសហព័ន្ធកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ក្រៅពីនេះ នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ លោកសូមការលើកលែងមិនបង់ពន្ធរហូតដល់ដប់ឆ្នាំ ទោះបីលោកអាចឆ្លៀតរកបានកម្រៃខ្លះៗក៏ដោយ។ ឧទាហរណ៍ កាលពីឆ្នាំ២០១៨, លោកត្រាំអាចរកប្រាក់ចំណូលបានជាង៤២៧លានដុល្លារពីកម្មវិធីទូរទស្សន៍ និងការផ្ដល់សិទ្ធិធ្វើពាណិជ្ជកម្មដទៃទៀត។
យោងតាមកាសែតដដែលនេះ, ត្រាំប្រកាសថាលោកខាតបង់ប្រាក់ជាង៤៧លានដុល្លារកាលពីឆ្នាំ២០១៨ ប៉ុន្តែលោកអាចរកប្រាក់ចំណូលសរុបបានជាង៤រយលានដុល្លារពីមុខជំនួញរបស់លោក ដោយមិនទាន់ផាត់ថ្លៃចំណាយលើប្រាក់ខែបុគ្គលិក និងថ្លៃចំណាយដទៃទៀត។
ពាក់ព័ន្ធនឹងការចុះផ្សាយរបស់ញូយ៉កថាមស៍ដែលកៀកនឹងថ្ងៃបោះឆ្នោតនេះ, លោកត្រាំបានចេញមុខបដិសេធទាំងស្រុង។ លោកចាត់ទុកថានេះជាព័ត៌មានក្លែងក្លាយ។ មេធាវីរបស់លោកត្រាំបានផ្ញើលិខិតមួយច្បាប់ទៅញូយ៉កថាមស៍ ដើម្បីគូសបញ្ជាក់ពីរឿងនេះ។ មេធាវីថា «ត្រាំបានបង់ពន្ធមិនដែលខានទេ អស់រាប់លានដុល្លារ នៅក្នុងរយៈពេលដប់ឆ្នាំកន្លងទៅនេះ»៕
ប្រែសម្រួល៖អន សំអាង