ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី២៩ ខែឧសភានេះ ក្រសួង រៀបចំកម្មវិធីពិសេស គឺវេទិកាសំណួរចម្លើយលើមុខវិជ្ជាសំខាន់ៗចំនួន ៤ សម្រាប់ថ្នាក់ទី១២ ផ្សាយតាមបណ្តាញហ្វេសប៊ុកផ្លូវការរបស់ក្រសួង ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៥ ល្ងាច គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការសិក្សាតាមអេឡិចត្រូនិក និង សិក្សាពីចម្ងាយរបស់សិស្ស។
សូមមាតា បិតា អាណាព្យាបាល ជាពិសេសសិស្សថ្នាក់ទី ១២ ជ្រាបថា ដើម្បី បង្កើនប្រសិទ្ធភាព នៃ ការសិក្សាពីចម្ងាយ និង តាមរយៈអេឡេចត្រូនិក ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ នេះ នៅរាល់ថ្ងៃ សុក្រ ក្រសួងអប់រំ នឹងផ្សាយផ្ទាល់ពិសេស តាមរយៈបណ្តាញហ្វេសប៊ុកផ្លូវការរបស់ក្រសួង នូវកម្មវិធីសំណួរចម្លើយមុខវិជ្ជាចំនួន ៤ សម្រាប់ថ្នាក់ទី ១២ គឺ ៖
១. គីមីវិទ្យា ចាប់ពីម៉ោង ១ ដល់ ម៉ោង ២ រសៀល
២. ជីវវិទ្យា ចាប់ពីម៉ោង ២ ដល់ ម៉ោង ៣ រសៀល
៣. រូបវិទ្យា ចាប់ពីម៉ោង ៣ ដល់ ម៉ោង ៤ រសៀល
៤. ប្រវត្តិវិទ្យា ចាប់ពីម៉ោង ៤ ដល់ ម៉ោង ៥ រសៀល
អាស្រ័យហេតុនេះ សូមមាតាបិតាអាណាព្យាបាល ជួយណែនាំ និង ជំរុញលើកទឹកចិត្តសិស្សក្នុងការសិក្សានូវមុខវិជ្ជាទាំងនេះតាមការគួរ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និង កីឡា ។
សូមជម្រាបថា បច្ចុប្បន្ននេះ ក្រសួងអប់រំ ដោយមានកិច្ចសហការជាមួយក្រសួងព័ត៌មាន បានកំពុងបង្រៀនកម្មវិធីសិក្សាតាមអេឡិចត្រូនិក និង សិក្សាពីចម្ងាយ នូវកម្មវិធីសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ យប់ ដែលជាការផ្សាយផ្ទាល់តាមទូរទស្សជាតិ ទទក ២ និង មានផ្សាយបន្តដោយទូរទស្សន៍ចំនួន ៥៥ កាណាល់ផ្សេងទៀតនៅទូទាំងប្រទេស ហើយកម្មវិធីបង្រៀនទាំងនោះ ក៏មានបង្ហោះនៅតាមយូធូបផងដែរ ។
ក៏គប្បីជម្រាបជូនផងដែរថា គិតត្រឹមថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ក្រសួងពាក់ព័ន្ធ មានក្រសួងអប់រំ និង ក្រសួងសុខាភិបាលជាដើម មិនទាន់បង្ហាញភ្លើងខៀវថា សាលារៀននឹងដំណើរការឡើងវិញនៅពេលណានៅឡើយទេ គឺដោយហេតុថា កម្ពុជា មិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ ១៩ នៅឡើយ ៕
អត្ថបទៈ ខឿន សាឃាង